(ព្រុចសែល)៖ នាយករដ្ឋមន្រ្តីអេស៉្បាញលោក Pedro Sanchez នាថ្ងៃពុធនេះបានបង្ហាញការគាំទ្រចំពោះគំនិតនៃការចង់បង្កើតកម្លាំងយោធាផ្ទាល់ខ្លួនរបស់អឺរ៉ុប ដើម្បីធានាសន្តិសុខនិងអធិបតេយ្យភាពអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
ថ្លែងក្នុងអំឡុងកិច្ចប្រជុំសភាអឺរ៉ុបនៅឯទីក្រុង Strasbourg ប្រទេសបារាំង លោក Sanchez បាននិយាយដូច្នេះថា «ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនៃប្រជាពលរដ្ឋយើង និងដើម្បីពង្រឹងតួនាទីរបស់យើងនៅលើពិភពលោក ពួកយើងត្រូវតែបង្ហាញពីការតាំងចិត្តឲ្យមុតមាំហើយបង្កើតយោធាអឺរ៉ុបពិតប្រាកដមួយ»។
គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា សហភាពអឺរ៉ុបគួរតែមានកងទ័ពផ្ទាល់ខ្លួនពិតប្រាកដមួយ ដែលមិនអាស្រ័យទៅលើសហរដ្ឋអាមេរិក និងអាចការពារខ្លួនឯងបាន។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានគាំទ្រគំនិតនេះ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗទៅវិញ។
ជាមួយគ្នានេះ ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Federica Mogherini ក៏បានបដិសេធផងដែរថា សហភាពអឺរ៉ុបពុំមានបំណងបង្កើតកម្លាំងទ័ពផ្ទាល់ខ្លួនឡើយ ខណៈប្រមុខអង្គការ NATO លោក Jens Stoltenberg បានព្រមានថា កិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុបមិនគួរប្រជែងគ្នាជាមួយ NATO ដែលលោកចាត់ទុកថាជាសសរគ្រឹះនៃសន្តិសុខរបស់អឺរ៉ុបនោះឡើយ៕