(វ៉ាស៊ីនតោន)៖ លោកឧត្តមនាវីឯក Richard Brown មេបញ្ជាការកង Naval Surface Forces របស់សហរដ្ឋអាមេរិក បានស្នើឡើងយ៉ាងទទូចថា កងទ័ពជើងទឹកអាមេរិកត្រូវតែបំពាក់បំប៉នសមត្ថភាពឲ្យរឹងមាំថែមទៀត ដើម្បីអាចប្រយុទ្ធតតាំងជាមួយចិនក៏ដូចជារុស្ស៊ី សម្រាប់ការគ្រប់គ្រងកាន់កាប់លើដែនមហាសាគរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទមួយរបស់កងទ័ពជើងទឹកអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋ Virginia នាថ្ងៃពុធនេះ លោក Brown បាននិយាយយ៉ាងដូច្នេះថា «ពួកយើងត្រូវការចាំបាច់នូវនាវាប្រភេទគ្មានមនុស្សបញ្ជាផ្ទាល់ខ្នាតមធ្យមនិងធំ រួមជាមួយនិងនាវាចម្បាំងខ្នាតធំដែលមានសមត្ថភាពខ្ពស់ថ្មីៗបន្ថែមទៀត»។
មេទ័ពអាមេរិករូបនេះ បានហៅចិននិងរុស្ស៊ីថាប្រទេសដែលកំពុងមានឥទ្ធិពលខ្លាំងឡើង និងកំពុងតែបង្កជាបញ្ហាដល់អាមេរិកនៅតំបន់អាស៊ីបូព៌ា នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ និងនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិក។ លោក Brown បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកអាមេរិកគួរតែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដ៏ធំនៃឥទ្ធិពលយោធានៅលើផ្ទៃសមុទ្រ និងព្រមានថាសហរដ្ឋអាមេរិកត្រូវតែខិតខំប្រឹងប្រែងឲ្យខ្លាំងជាងមុនក្នុងការរក្សាការគ្រប់គ្រងដែនសមុទ្រ និងបន្តអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត៕