(អាមេរិក)៖ ជាធម្មតាការលេចធ្លាយរូបរាងទូរស័ព្ទជំនាន់ថ្មី របស់ក្រុមហ៊ុនល្បីៗលើលោក គឺតែងតែកើតមានជារៀងរាល់ឆ្នាំ គឺកំឡុងប៉ុន្មានខែមុនពេលដែលទូរស័ព្ទមែនទែនត្រូវប្រកាសចេញជាផ្លូវការ ហើយក្រុមហ៊ុនល្បីៗបច្ចុប្បន្នដូចជា Samsung, Huawei និង Apple ជាដើម តែងតែមានការបែកធ្លាយច្រើនជាងគេ។ នេះបើតាមការវែបសាយបច្ចេកវិទ្យា Tech.co ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
តាមពិតទៅគំរូ iPhone ជំនាន់ថ្មីដែលនឹងត្រូវប្រកាសចេញនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ គឺត្រូវបានបែកធ្លាយតាំងតែពីចុងឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែនាប៉ុន្មានថ្ងៃចុងក្រោយនេះ វាហាក់ដូចជាមានការផុសផុលខ្លាំង ហើយបើតាមមតិលើកឡើងជាច្រើនទាំងអ្នក Comments តាមបណ្តាញសង្គម និងម្ចាស់ Channel បច្ចេកវិទ្យាល្បីៗលំដាប់អន្តរជាតិដូចជានៅក្នុងបណ្តាញសង្គម YouTube ជាដើម ហាក់បង្ហាញអារម្មណ៍មិនពេញចិត្ត និងហួសចិត្តផងដែរ ប្រសិនបើ iPhone ពិតជាចេញមកមានរាងបែបនេះ។
ទោះបីជាបែបនេះក្តី បើតាមក្រុមមួយចំនួនជាពិសេសទស្សនា Forbes របស់អាមេរិកថ្មីៗនេះក៏បានចេញផ្សាយផងដែរនូវរូបភាព iPhone ជំនាន់ថ្មី ដែលកំពុងល្បីល្បាញថា អាចនឹងកើតមាននៅខែកញ្ញា ឆ្នាំ២០១៩។ iPhone ជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាបីគ្រាប់ នៅក្នុងស៊ុមបួនជ្រុង ដែលស្រដៀងនឹងទូរស័ព្ទដៃ Huawei ស៊េរី Mate 20 ដែលបានចេញកាលពីចុងឆ្នាំ២០១៨ នោះដែរ។
គួរបញ្ជាក់ថា ការចេញផ្សាយរូបភាព Design របស់ iPhone ខាងលើនេះ វាអាចត្រឹមតែជាគំរូមួយក្នុងចំណោមគំរូជាច្រើនៗទៀត ដែលអ្នកវិភាគ ឬអ្នកជំនាញឌីសាញខ្លះបានបង្កើតឡើងដើម្បីតែការទាក់ទាញប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វានៅសល់ពេលរហូតដល់ខ្ទង់ ៨ខែទៀតឯណោះ ដែលទូរស័ព្ទជំនាន់ថ្មីរបស់ iPhone នឹងត្រូវបញ្ចេញដូចរាល់ៗឆ្នាំ៕