(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាលើវិធីសាស្រ្ដថ្មីៗជាច្រើន ដើម្បីពង្រីកការដាក់ពង្រាយ និងពង្រឹងសមត្ថភាពប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន នៅទូទាំងពិភពលោក សំដៅទប់ការវាយប្រហារជាយថាហេតុណាមួយ ដោយមីស៊ីលរបស់សត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
យុទ្ធសាស្ត្ររបស់លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងផ្ដោតសំខាន់លើការបញ្ឈប់គ្រាប់មីស៊ីល មុនពួកវាត្រូវបានបាញ់ចេញ ឬហោះនៅលើអាកាសនៅនាទីដំបូងៗ។ រីឯសភាអាមេរិក ក៏ត្រូវបានគេរាយការណ៍ដែរថា បានលើកទឹកចិត្តដល់មន្ទីរបញ្ចកោណឱ្យជម្រុញ និងអនុវត្តន៍តាមយុទ្ធសាស្រ្តនេះ ដែលអាចនឹងមានបញ្ចូលទាំងការបំពាក់ឡាស៊ែរនៅលើយន្ដហោះដ្រូន។
ដោយឡែកទីភ្នាក់ងារសារព័ត៌មាន AP ផ្អែកលើប្រភពមន្ត្រីជាន់ខ្ពស់អាមេរិក មិនបញ្ចេញអត្តសញ្ញាណម្នាក់បានបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់អារម្មណ៍លើការអភិវឌ្ឍ និងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសបន្ថែម ដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់សញ្ញា និងកម្ទេចមីស៊ីលសត្រូវដោយមានការផ្ដល់ជំនួយពីផ្កាយរណប។
លើសពីនេះទៅទៀត ដើម្បីពង្រឹងប្រព័ន្ធមីស៊ីលការពារដែនអាកាស ទីក្រុងវ៉ាស៊ីនតោន អាចនឹងប្រើប្រាស់ sensors ទំនើបៗជាច្រើន ដែលអាចជួយសម្រួលដល់ការចាប់សញ្ញាមីស៊ីល និងការបាញ់ម្ទេចមីស៊ីលសត្រូវដោយផ្ទាល់តែម្ដង។ តែយ៉ាងណាក៏ដោយ AP បានឱ្យដឹងថា ការបំពាក់ប្រព័ន្ធចាប់សញ្ញាមីស៊ីលនៅលើផ្កាយរណបក្នុងទីអវកាស មិនត្រួវបានគេរំពឹងថានឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោក ត្រាំ នោះទេ។
គួរបញ្ជាក់ថា ជុំវិញសេចក្ដីរាយការណ៍ខាងលើនេះដែរ រដ្ឋាភិបាលរុស្ស៊ីបានផ្ញើលិខិតមួយច្បាប់ជូនសមាជិកសភាអាមេរិក ដោយចោទប្រកាន់ថា យុទ្ធសាស្ត្រថ្មីរបស់លោក ត្រាំ កំពុងបំផ្លាញដល់សិន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ដែលត្រូវបានចុះហត្ថលេខារវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ២០១០៕