(ញូយ៉ក)៖ ព្រឹទ្ធសមាជិកអាមេរិកមួយរូបគឺលោកស្រី ឃើស្ទែន ហ្គីលីប្រ៊ែន (Kirsten Gillibrand) ដែលជាអ្នករិះគន់ដ៏លេចធ្លោម្នាក់ប្រឆាំងលោក ដូណាល់ ត្រាំ បានចាប់ផ្តើមប្រកាសថា លោកស្រីនឹងចូលរួមធ្វើការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកនៅក្នុងបក្ស ដើម្បីទៅប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
ក្នុងឃ្លីបវីដេអូមួយនៃកម្មវិធីកិច្ចសម្ភាស «The Late Show with Stephen Colbert» របស់ប៉ុស្តិ៍ទូរទស្សន៍អាមេរិក CBS លោកស្រី Gillibrand វ័យ ៥២ឆ្នាំ បានឲ្យដឹងថា លោកស្រីកំពុងរៀបចំគណៈកម្មាធិការមួយ ដែលអនុញ្ញាតឲ្យលោកស្រីចាប់ផ្តើមរៃអង្គាសមូលនិធិ ដើម្បីប្រកួតក្នុងការជ្រើសរើសបេក្ខភាពនៃបក្សប្រជាធិបតេយ្យ សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
គួរជម្រាបថា លោកស្រី Gillibrand ធ្លាប់បានបោះឆ្នោតប្រឆាំង ចំពោះការតែងតាំងមន្រ្តីសំខាន់ៗជាច្រើនរូបរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោកស្រីក៏ជាអ្នកគាំទ្រ និងការពារសិទ្ធិនារីយ៉ាងស្វាហាប់មួយរូបផងដែរ ដោយក្នុងនោះរួមមានទាំងចលនា #MeToo ដែលការប្រឆាំងអំពើបៀតបៀន និងហិង្សាផ្លូវភេទ។
មកទល់ពេលនេះ លោកស្រី Gillibrand គឺជាស្រ្តីទី ៣ ហើយ ដែលបានប្រកាសចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតី នៅក្នុងគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកស្រី អេលីហ្សាបេត វ៉ារែន (Elizabeth Warren) វ័យ ៦៩ឆ្នាំ ដែលជាព្រឹទ្ធសមាជិកមកពីរដ្ឋ ម៉ាស្សាជូសេតត៍ (Massachusett និងលោកស្រី ទុលស៊ី ហ្គេបបាដ (Tulsi Gabbard) វ័យ ៣៧ឆ្នាំ ជាតំណាងរាស្រ្តមកពីរដ្ឋហាវ៉ៃ បានប្រកាសចូលរួមដូចគ្នា៕