(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា ការបាញ់បង្ហោះផ្កាយរណបដោយប្រើបច្ចេកវិទ្យាមីស៊ីល បាលិស្ទីគរបស់អ៊ីរ៉ង់ ទោះបីជាបានបរាជ័យទៅហើយក៏ដោយ តែវាគឺជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសនិសុខ និងជាការគំរាមកំហែងដល់ទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការបញ្ជាក់ឡើងវិញថា ការបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ គឺមានចេតនាអភិវឌ្ឍន៍ បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ដែលមានសមត្ថភាពបាញ់ដល់ទ្វីបអឺរ៉ុប។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់បង្ហោះផ្កាយរណប ដោយប្រើគ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់ ទោះជាបីជាបានបរាជ័យក៏ពិតមែន តែវាគឺជាទង្វើរំលោភលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 2231... ហើយការបាញ់បង្ហោះនេះទៀតសោត បានបង្ហាញជាថ្មីថា អ៊ីរ៉ង់កំពុងបន្តអភិវឌ្ឍន៍មីស៊ីលបាលិស្ទីគអន្តរទ្វីប ដែលមានសមត្ថភាពបាញ់ដល់ទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ាទាំងមូល»។
គួរបញ្ជាក់ថា ទោះបីជាមានការព្រមានដាក់ទណ្ឌកម្មពីលោក ប៉ុមប៉េអូ ក៏ដោយ ក៏អ៊ីរ៉ង់នៅតែរឹងរូសបាញ់បង្ហោះផ្កាយរណបមួយគ្រឿង ដែលត្រូវបានផលិតនៅក្នុងស្រុកឈ្មោះ ផេយ៉ាម (Payam) កាលពីពេលថ្មីៗនេះដដែល ហើយបានបរាជ័យដោយវាមិនអាចហោះចូលទៅដល់គន្លងគោចរនៃភពផែនដីឡើយ។ ប៉ុន្តែអ៊ីរ៉ង់បានសន្យាថា នឹងបាញ់បង្ហោះផ្កាយរណបនេះជាលើកទី ២ នៅក្នុងពេលឆាប់ៗ៕