(ហ្សកហ្ស៊ី)៖ ហ្សកហ្ស៊ីដែលជាប្រទេសមានវប្បធម៌ផលិតស្រា ដ៏ចំណាស់ខ្លាំងបំផុតប្រមាណ ៨,០០០ឆ្នាំមកហើយនោះ កំពុងរិះរកវិធីធ្វើយ៉ាងណាដាំដុះរុក្ខជាតិទំពាំងបាយជូរ នៅលើភពព្រះអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
គម្រោងនេះមានឈ្មោះថា IX Millennium នឹងត្រូវឆ្លងកាត់ការស្រាវជ្រាវជាច្រើនដំណាក់កាល ដើម្បីបង្កើតប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធផ្នែកកសិកម្មមួយនៅលើភពអង្គារ ហើយវានឹងផ្តើមនៅក្នុងឆ្នាំនេះតែម្តង តាមរយៈការដំឡើងផ្ទះកញ្ចក់ពិសេស នៅក្នុងសណ្ឋាគារមួយកន្លែងនៅរដ្ឋធានី Tbilisi របស់ហ្សកហ្ស៊ី។
សម្រាប់ការដាំដុះទំពាំងបាយជូរនៅក្នុងផ្ទះកញ្ចក់នេះ នឹងស្ថិតក្នុងលក្ខខណ្ឌបរិស្ថានស្រដៀងគ្នាទៅនឹងភពអង្គារបំផុតតាមតែអាចធ្វើបាន ហើយវានឹងក្លាយជាគំរោងដំបូងគេ និងចេញលទ្ធផលជាក់ស្តែងមួយ គ្រាន់តែត្រូវបានរៀបចំជាគំរូនៅលើផែនដីសិនប៉ុណ្ណោះ ប៉ុន្តែវាជាមធ្យោបាយតែមួយគត់ ដើម្បីឈានឆ្ពោះទៅការអវត្តន៍ពិតៗ ដែលមិនទាន់ត្រូវបានកំណត់ពេលជាក់លាក់នៅឡើយ។
ដោយឡែកបើសម្លឹងមើលភពអង្គារ វាមានលក្ខណៈពិបាកមិនសូវខុសពីព្រះច័ន្ទនោះឡើយ គ្រាន់តែភពក្រហមនេះមានបរិយាកាស អាកាសធាតុត្រជាក់ជាងផែនដី និងមានទំនាញខ្លាំងជាងព្រះច័ន្ទបន្តិច ខណៈផ្ទៃដីលើភពអង្គារ គឺសម្បូរដោយសារធាតុដែក ដែលអំណោយផលសម្រាប់រុក្ខជាតិ ប្រភេទមួយចំនួនប៉ុណ្ណោះ។
គួរជម្រាបថា នេះពុំមែនជាគម្រោងទីមួយឡើយ ដែលមនុស្សព្យាយាមអនុវត្តន៍វិស័យកសិកម្មក្នុងទីអវកាស។ ក្រុមអវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិ ISS បានចាប់ផ្តើមដាំដុះសាឡាដ ក្រោមស្ថានភាពមានកម្លាំងទំនាញតិចតួច (Microgravity) រួចហើយ ខណៈចិនវិញក៏កំពុងព្យាយាមពិសោធន៍រឿងនេះនៅលើព្រះច័ន្ទផងដែរ ដោយគំរោងទាំងអស់នេះសុទ្ធតែបានសម្រេចជោគជ័យរួចទៅហើយ៕