(វ៉ាស៊ីនតោន)៖ កាលពីឆ្នាំ២០១៨កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងម្ដងហើយម្ដងទៀតក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ។ នេះបើតាម New York Times ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
សារព័ត៌មានអាមេរិក New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីអតីត និងមន្ត្រីជាន់ខ្ពស់បច្ចុប្បន្ន នៃរដ្ឋបាល លោក ដូណាល់ ត្រាំ។ ម្យ៉ាងវិញទៀត បើទោះជាប្រភពក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទាំង២នេះ បានអះអាងថាពួកគេមិនប្រាកដ១០០ ភាគរយថាលោក ត្រំា ពិតជាមានបំណងដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូក៏ដោយ ប៉ុន្តែពួកគេនៅតែបង្ហាញការព្រួយបារម្ភដដែលថា ប្រធានាធិបតីអាមេរិករូប អាចនឹងរិះគន់បណ្ដាប្រទេសសមាជិកអង្គការណាតូមួយចំនួនសាជាថ្មី ជុំវិញបរាជ័យក្នុងការបង្កើនប្រាក់ឧបត្ថម្ភដល់ អង្គការណាតូ និងការបង្កើនការចំណាយលើកញ្ចប់ថវិកាការពារជាតិ ដែលកំណត់ដោយប្លុកយោធាមួយនេះ។
គួរបញ្ជាក់ថា បើតាម New York Times ក្រុមទីប្រឹក្សាសន្តិសុខជាតិអាមេរិក ក៏បានបង្កើនការព្រួយបារម្ភរបស់ខ្លួនផងដែរចំពោះភាពអាចទៅរួច ដែលលោក ដូណាល់ ត្រាំ នឹងប្រកាសដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ។ លោកត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង អន្តរជាតិជាច្រើន ក្នុងនោះរួមមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់, កិច្ចព្រមព្រៀងស្ដីពីបម្រែបម្រួអាកាសធាតុទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាដើម៕