(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សេតវិមានបានចេញមុខបញ្ជាក់ថា អ្នកនាង អ៊ីវែនកា ត្រាំ (Ivanka Trump) ដែលជាទីប្រឹក្សា និងជាកូនស្រីបង្កើតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពុំស្ថិតក្រោមការពិចារណា ដើម្បីក្លាយជាអគ្គនាយកថ្មីនៃធនាគារពិភពលោកឡើយ៕
២៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើការរិះធ្ងន់ៗ ចំពោះពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីកាណាដាលោក ចានស្ទីន ទ្រូដូ (Justin Trudeau) ដែលបានប្រតិកម្មខ្លាំងៗ បន្ទាប់ពីបុរសជនជាតិកាណាដាម្នាក់ឈ្មោះ រ៉ូប៊ឺត ឡយដ៍ ស្គែឡិនប៊ឺក (Robert Lloyd Schellenberg) ត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀននៅក្នុងប្រទេសចិន៕
៣៖ ទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះផ្កាយរណបមួយគ្រឿង ដែលត្រូវបានផលិតនៅក្នុងស្រុកឈ្មោះ ផេយ៉ាម (Payam) កាលពីពេលថ្មីៗនេះ ប៉ុន្តែបានបរាជ័យ ដោយវាមិនអាចហោះចូលទៅដល់គន្លងគោចរ នៃភពផែនដីឡើយ៕
៤៖ ក្រសួងការពារជាតិអាមេរិកបានសម្រេចបន្តបេសកកម្មយោធា នៅតាមបណ្តោយព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិចស៊ីកូ រហូតដល់ចុងខែកញ្ញា៕
៥៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកស្រី Theresa May នឹងព្យាយាមបង្ខំឲ្យសភាធ្វើការបោះឆ្នោតជាលើកទីពីរលើកិច្ចព្រមព្រៀងដកប្រទេសលោកស្រីចេញពីសហភាពអឺរ៉ុប (Brexit) ខណៈលោកស្រីកំពុងប្រឈមមុខនឹងភាពបរាជ័យក្នុងការបោះឆ្នោតនាថ្ងៃអង្គារនេះ៕
៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាទិញហាំប៊ឺហ្គឺរាប់រយកញ្ចប់ សម្រាប់ពិធីទទួលទានអាហារជុំគ្នាមួយនៅឯសេតវិមាន ដោយសារតែខ្វះបុគ្គលិកផ្នែកចុងភៅ ខណៈស្ថាប័នរដ្ឋាភិបាលដោយផ្នែកកំពុងបិទទ្វារនៅឡើយ៕