(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើការរិះធ្ងន់ៗ ចំពោះពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីកាណាដាលោក ចានស្ទីន ទ្រូដូ (Justin Trudeau) ដែលបានប្រតិកម្មខ្លាំងៗ បន្ទាប់ពីបុរសជនជាតិកាណាដាម្នាក់ឈ្មោះ រ៉ូប៊ឺត ឡយដ៍ ស្គែឡិនប៊ឺក (Robert Lloyd Schellenberg) ត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀននៅក្នុងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានលើកឡើងយ៉ាងដូច្នេះថា «យើងទទូចឲ្យកាណាដាគោរពនូវនីតិវិធីច្បាប់ គោរពអំណាចនៃប្រព័ន្ធយុត្តិធម៌របស់ចិន ហើយកែតម្រូវកំហុសឆ្គងរបស់ពួកគេ និងឈប់និយាយស្តីដោយពុំមានភាពទទួលខុសត្រូវបែបនេះទៀត»។ ការរិះគន់នេះធ្វើឡើង បន្ទាប់ពីលោក Trudeau បាននិយាយថា ទីក្រុងប៉េកាំងបានសម្រេចចាប់ផ្តើមអនុវត្តន៍ទោសប្រហោរជីវិតតាមតែអំពើចិត្តរបស់ខ្លួន ហើយលោកបានប្តេជ្ញាថា នឹងតតាំងឲ្យអស់ដៃជាមួយចិនជុំវិញបញ្ហានេះ។
គួរជម្រាបថា លោក Schellenberg ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនកាលពីឆ្នាំ២០១៤ ពីបទរត់ពន្ធគ្រឿងញៀនចេញពីចិនចូលទៅកាន់អូស្រ្តាលី។ កាលពីខែវិច្ឆិកាឆ្នាំមុន លោកត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំម្តងរួចទៅហើយ តែលោកបានប្តឹងឧទ្ធរណ៍។ នាថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការខេត្តឡាវនីង (Liaoning) បានសម្រេចឡើងវិញថា ការផ្តន្ទាទោសកាលនោះហាក់ដូចជាធូរស្រាលពេក ទើបធ្វើការសម្រេចជាថ្មីដោយផ្តន្ទាទោសប្រហារជីវិតបុរសជនជាតិកាណាដាតែម្តង។ យ៉ាងណាមិញបើតាមមេធាវី លោក Schellenberg នឹងនៅតែប្តឹងឧទ្ធរណ៍តទៀត ដោយលោកមានរយៈពេល ១០ថ្ងៃ៕