(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះផ្កាយរណបមួយគ្រឿង ដែលត្រូវបានផលិតនៅក្នុងស្រុកឈ្មោះ ផេយ៉ាម (Payam) កាលពីពេលថ្មីៗនេះ ប៉ុន្តែបានបរាជ័យ ដោយវាមិនអាចហោះចូលទៅដល់គន្លងគោចរ នៃភពផែនដីឡើយ។ នេះបើតាមការចេញផ្សាយពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ផ្នែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីទូរគមនាគមន៍អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ អាហ្សារី ហ្សារ៉ូមី (Mohammad-Javad Azari Jahromi) បានឱ្យដឹងទៀតថា ការបាញ់បង្ហោះផ្កាយរណប Payam ដោយគ្រាប់រ៉ុក្កែតបានទទួលជោគជ័យ នៅដំណាក់កាលទី ១ និងទី ២ ប៉ុន្តែវាបានបរាជ័យនៅដំណាក់កាលទី ៣ ដោយមិនអាចចូលទៅគន្លងគោចរនៃផែនដីបាន។
គួរជម្រាបថា កាលពីដើមខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានអ៊ីរ៉ង់ថា ប្រទេសនេះអាចនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើសិនជាមិនព្រមលុបចោល គម្រោងបាញ់បង្ហោះផ្កាយរណបនេះទេនោះ ដោយអាមេរិកបានសំអាងថា វាគឺជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
បន្ថែមពីនេះលោក ប៉ុមប៉េអូ ក៏បានចោទប្រកាន់ដែរថា អ៊ីរ៉ង់មានចេតនាប្រើប្រាស់ការបាញ់បង្ហោះផ្កាយរណប ដើម្បីអភិវឌ្ឍន៍មីស៊ីលបាលិស្ទីគ ដើម្បីគំរាមកំហែងពិភពលោក។ ទោះជាបែបនេះក្តី ទីក្រុងតេហរ៉ង់ នៅតែអះអាងថា ការបាញ់បង្ហោះរបស់ខ្លួនមិនបានរំលោភលើ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិលេខ 2231 នោះឡើយ ទើបការបង្ហោះផ្កាយរណបនៅតែត្រូវធ្វើឡើង៕