(ម៉ូស្គូ)៖ ប្រមុខអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានទទួលយកការអញ្ជើញមួយ ក្នុងការបំពញដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅប៉ុន្មានខែខាងមុខទៀត។ នេះបើតាមទីភា្នក់ងារអវកាសរុស្ស៊ី Roscosmos ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
ទីភា្នក់ងារអវកាសរុស្ស៊ី Roscosmos បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា លោក Bridenstine និងប្រមុខ Roscosmos លោក ឌីមីទ្រី រ៉ូហ្គោស៊ីន (Dmitry Rogozin) បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទកន្លងទៅ ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការរុករកទីអវកាស និងការរៀបចំជំនួបនានានៅពេលអនាគត។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានឯកភាពគ្នាផងដែរ បន្តធ្វើការងារជាមួយគ្នានៅស្ថានីយទីអវកាស និងគម្រោងឋានព្រះច័ន្ទនានា រួមទាំងបេសកកម្មរុករកឱ្យកាន់តែស៊ីជម្រៅ នៅលើទីអវកាសជាដើម។
គួរបញ្ជាក់ថា កាលពីដំបូងឡើយ អង្គការ NASA បានបញ្ជូនលិខិតផ្លូវការមួយទៅកាន់ Roscosmos និងបានបដិសេធការអញ្ជើញលោក Rogozin បំពេញទស្សនកិច្ចមកកាន់ទីស្នាក់ការរបស់ខ្លួន ដោយសារទទួលរងសម្ពាធពីព្រឹទ្ធសភាអាមេរិក។ តែទោះជាយ៉ាងនេះក្ដីលោក Rogozin បានអះអាងថា អង្គការអវកាសអាមេរិកមួយនេះ នៅតែបន្តការពារកិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូ ពីព្រោះបានយល់យ៉ាងច្បាស់ថា ការសិក្សាពីឋានព្រះចន្ទគឺជារឿងដ៏ស្មុគស្មាញ និងមិនអាចដោះស្រាយតែម្នាក់ឯងបានឡើយ៕