(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាទិញហាំប៊ឺហ្គឺរាប់រយកញ្ចប់ សម្រាប់ពិធីទទួលទានអាហារជុំគ្នាមួយនៅឯសេតវិមាន ដោយសារតែខ្វះបុគ្គលិកផ្នែកចុងភៅ ខណៈស្ថាប័នរដ្ឋាភិបាលដោយផ្នែកកំពុងបិទទ្វារនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានរៀបចំពិធីទទួលទានអាហារនេះឡើង ដើម្បីស្វាគមន៍ជើងឯកបាល់ទាត់ជាតិមហាវិទ្យាល័យគឺក្លឹប Clemson Tigers ជាមួយហាំប៊ឺហ្គឺច្រើនជាង ៣០០កញ្ចប់ ព្រមទាំងដំបូងបារាំង និងភីហ្សាផងដែរ។ ប៉ុន្តែទន្ទឹមគ្នាលោកក៏បានអះអាងដែរថា ការបញ្ជាទិញអាហារទាំង នេះគឺដោយសារតែកង្វះខាតបុគ្គលិកផ្នែកចុងភៅនៅឯសេតវិមាន ហើយបញ្ហានេះទៀតសោត ត្រូវបានបង្កឡើងដោយការបិទរដ្ឋាភិបាលមួយផ្នែករបស់ លោក។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ ដូច្នេះថា «ដោយសារតែរដ្ឋាភិបាលបិទទ្វារ... យើងបានបញ្ជាទិញអាហារស្រាប់ (fast food) ហើយខ្ញុំគឺជាអ្នកចំណាយ»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រតិបត្តិការដោយផ្នែកៗ ក្នុងរដ្ឋាភិបាលសហព័ន្ធអាមេរិកកំពុងជាប់គាំង ដោយសាររដ្ឋាភិបាលមួយផ្នែករបស់លោក ដូណាល់ ត្រាំ ខណៈបុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ក្នុងនោះរួមមានទាំងបុគ្គលិកសេតវិមាន ក៏បានទទួលរងផលប៉ះពាល់ពីការបិទរដ្ឋាភិបាលនេះផងដែរ ដោយពួកគេខ្លះដាក់ពាក្យសម្រាកពីការងារជាបណ្ដោះអាសន្ន និងខ្លះទៀតកំពុងបន្តការងារដោយមិនទាន់ប្រាក់ខែបើក។
ការបិទរដ្ឋាភិបាលអាមេរិកកើតមានឡើងបន្ទាប់ពី លោក ដូណាល់ ត្រាំ បានបដិសេធអនុម័តកញ្ចប់ថវិកា សម្រាប់រដ្ឋាភិបាលសហព័ន្ធរហូតដល់ សំណើសុំកញ្ចប់ថវិកាជាង ៥.៧ពាន់លានដុល្លារយកទៅសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ត្រូវបានសភាអនុម័ត ប៉ុន្តែបច្ចុប្បន្នសភាអាមេរិកកំពុងស្ថិតក្រោមការដឹកនាំ នៃបក្សប្រជាធិបតេយ្យ ដែលសមាជិកសភាបក្សនេះទាំងអស់មិនគាំទ្រនយោបាយលោក ត្រាំ ឡើយ៕