(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិកមួយបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទើបតែបានបញ្ជូនលិខិតមួយច្បាប់កាលពីចុងសប្តាហ៍មុននេះ ជូនប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយព័ត៌មានអំពីរឿងនេះ ទើបតែត្រូវបានចេញផ្សាយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
សារព័ត៌មានអាមេរិក CNN បានរាយការណ៍បន្តទៀតថា បើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះ លិខិតរបស់លោក ដូណាល់ ត្រាំ ត្រូវបានបញ្ជូនតាមជើងហោះហើរទៅកាន់ទីក្រុងព្យុងយ៉ាង និងបានប្រគល់ដល់ដៃមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផ្ទាល់តែម្តង។ មន្ត្រីសុំមិនបញ្ចេញឈ្មោះខាងលើនេះពុំបានបញ្ជាក់ថា តើនៅក្នុងលិខិតនោះ មានអត្ថន័យយ៉ាងណាឡើយ ប៉ុន្តែមន្ត្រីរូបនេះគឺជាអ្នកដែលស្និទ្ធទៅនឹងការរៀបចំជំនួបកំពូល ត្រាំ-គីម ដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខ។
បន្ថែមពីនេះ ពាក់ព័ន្ធនឹងគម្រោងរៀបចំជំនួបកំពូលលើកទីពីរខាងលើ លោក គីម យ៉ុងចុល (Kim Yong Chol) អនុប្រធានគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ ត្រូវបានគេរាយការណ៍កាលពីពេលថ្មីៗនេះថា នឹងហោះហើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនតែម្តង ដែលវានឹងក្លាយជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃការវិវឌ្ឍន៍ទំនាក់ទំនងរបស់ប្រទេស ដែលធ្លាប់តែផ្លោងពាក្យសម្តី និងបាញ់មីស៊ីលគម្រាមគ្នាទៅវិញទៅមកនេះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ លោក គីម ជុងអ៊ុន និងគណៈប្រតិភូកូរ៉េខាងជើង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៃប្រទេសចិនផងដែរ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយសកម្មភាពបែបនេះក៏ធ្លាប់កើតមានផងដែរ កាលពីឆ្នាំ២០១៨ នៅមុនពេលលោក គីម ជុងអ៊ុន ត្រូវទៅជួបលោក ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ទោះបីជាមេដឹកនាំទាំងពីរ អាមេរិក និងកូរ៉េខាងជើង បានព្រមព្រៀងក្នុងការជួបគ្នាជាលើកទីពីរ ដែលអាចកើតមានឡើងនៅអំឡុងដើមឆ្នាំ២០១៩ ក៏ពិតនេះមែន ប៉ុន្តែទីតាំង និងពេលវេលាជាក់លាក់ដែលនឹងត្រូវរៀបចំតែម្តងនោះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ខណៈប្រទេសវៀតណាម និងថៃបានសម្តែងការស្វាគមន៍ ដោយយល់ព្រមធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែជម្រើសផ្សេងៗទៀតក៏ស្ថិតនៅក្នុងការពិចារណាផងដែរ៕