(អាហ្វហ្កានីស្ថាន)៖ បេក្ខជនម្នាក់ក្នុងកម្មវិធីប្រឡងជ្រើសរើសតារាចម្រៀង នៅប្រទេសអាហ្វហ្គានីស្ថាន កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គម ដោយសារតែមានមុខមាត់ស្រដៀងគ្នា ទៅនឹងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) រហូតដល់មានអ្នកខ្លះដាក់ឈ្មោះឱ្យគាត់ថា Justin Trudeau អាហ្វហ្គានីស្ថានថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
លោក អាប់ឌុល សាឡេម ម៉ាហ្វធូន (Abdul Salam Maftoon) មានអាយុ ២៩ឆ្នាំ មកពីតំបន់ភាគឦសាននៃប្រទេសអាហ្វហ្កានីស្ថាន កំពុងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Afghan Star ហើយនៅពេលនេះលោកកំពុងស្ថិតនៅក្នុងចំណោមបេក្ខជន ០៨នាក់ចុងក្រោយ។ ប៉ុន្តែតាមរយៈប្រជាប្រិយភាព ដោយមានមុខមាត់សង្ហាដូចលោក Trudeau លោក Maftoon ក៏ត្រូវបានគេរំពឹងដែរថា នឹងជាប់ទៅវគ្គបន្តទៀត។
ចំពោះមុខសារព័ត៌មានបារាំង AFP លោក Maftoon បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនបានដឹង ឬក៏ស្គាល់លោក Justin Trudeau ទាល់តែសោះ រហូតខ្ញុំបានឃើញរូបភាពរបស់ខ្ញុំ និងគាត់ នៅលើបណ្ដាញទំនាក់ទំនងសង្គម... ហើយតាមរយៈភាពស្រដៀងគ្នានេះ ខ្ញុំអាចនឹងមានឱកាស ៥០ភាគរយ នឹងអាចឈានចូលជុំបន្ត»។
គួរបញ្ជាក់ថា អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានបង្ហោះរូបភាពប្រៀបធៀបរវាង លោក Abdul Salam Maftoon លោក Justin Trudeau ជាច្រើនសន្លឹក នៅមុនពេលកម្មវិធីប្រឡងជ្រើសរើសតារាចម្រៀងអាហ្វហ្កានីស្ថាន ឈានចូលវគ្គផ្ដាច់ព្រ័តនៅថ្ងៃទី២១ ខែមីនា ក្រោយនេះ៕