(ឡុងដ៍)៖ សមាជិសភាអង់គ្លេសកំពុងត្រៀមខ្លួន ចូលរួមក្នុងការបោះឆ្នោតមួយថា តើត្រូវគាំទ្រកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May ដែរឬក៏យ៉ាងណា ខណៈអ្នកនយោបាយអង់គ្លេសមួយចំនួន កំពុងស្នើឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី ២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
ការបោះឆ្នោតអនុម័តខាងលើដែលត្រូវបានគេចាត់ទុកថា «ជាការបោះឆ្នោតដ៏សំខាន់» នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងឡុងដ៍) ពោលគឺបន្ទាប់ការជជែកដេញដោលរយៈពេល ០៥ថ្ងៃ ត្រូវបិទបញ្ចប់ប៉ុន្មានម៉ោងទៀតនេះ។ ដោយឡែកមុនការបោះឆ្នោតនេះដែរ លោកស្រី Theresa May បានអំពាវនាវឱ្យអ្នកនយោបាយ និងសមាជិកសភាអង់គ្លេសទាំងអស់ គំាទ្រកិច្ចព្រមព្រៀងរបស់លោកស្រី បើពុំដូច្នោះទេការបែកបាក់រវាងអ្នកនយោបាយ និងប្រជាជនអង់គ្លេសនឹងផ្ទុះឡើង។
ប៉ុន្តែទន្ទឹមគ្នា សមាជិកខ្លះនៃគណបក្សរបស់លោកស្រី May ផ្ទាល់ត្រូវបានគេរំពឹងថា អាចនឹងចូលរួមជាមួយក្រុមគណបក្សប្រឆាំង ដើម្បីបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងស្ដីពី Brexit របស់លោកស្រី។ មិនតែប៉ុណ្ណោះក្រុមសមាជិកសភាទាំងនេះ ក៏ទំនងជាអាចនឹងស្នើឱ្យ មានការធ្វើវិសោធនកម្មច្បាប់ ដើម្បីផ្លាស់ប្ដូរកិច្ចព្រមព្រៀងនេះផងដែរ មុននឹងការបោះឆ្នោតត្រូវចាប់ផ្ដើមធ្វើឡើង (នៅម៉ោង ១៩៖០០ GMT)។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក ចក្រភពអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ។ ប៉ុន្តែបើគ្មានការអនុម័តពីសភានោះ អង់គ្លេសនឹងត្រូវចាកចេញពីប្លុកមួយនេះ ដោយគ្មានកិច្ចព្រមព្រៀង ប៉ុន្តែរឿងនេះទំនងជាមិនអាចកើតមានឡើងនោះឡើយ៕