(ម៉ូស្គូ)៖ ក្រសួងការពារជាតិអាមេរិកបានសម្រេចបន្តបេសកកម្មយោធា នៅតាមបណ្តោយព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិចស៊ីកូ រហូតដល់ចុងខែកញ្ញា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការពារជាតិស្តីទីអាមេរិកលោក ផាត សាណាហាន (Pat Shanahan) បានអនុញ្ញាតឲ្យបន្តបេសកកម្មគាំទ្ររបស់ក្រសួងការពារជាតិ សម្រាប់ក្រសួងសន្តិសុខជាតិរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយក្នុងនោះរួមមានការពង្រឹងសន្តិសុខនៅតាមច្រកចេញចូលព្រំដែន ការល្បាត និងការបំពាក់រនាំងលួសនៅចន្លោះច្រកចេញទាំងនោះជាដើម។
គួរជម្រាបថា ជនភៀសខ្លួនចន្លោះពី ៦,០០០-៩,០០០នាក់ ដែលមកពីប្រទេសហុងឌូរ៉ាស់ ហ្គាតេម៉ាឡា និងអែលសាវ៉ាឌ័រ កំពុងជ្រកកោនជាបណ្តោះអាសន្ននៅក្នុងទីក្រុង ទីជូអាណា (Tijuana) និងក្រុង ម៉ិចស៊ីខាលី (Mexicali) របស់ម៉ិចស៊ីកូជាប់សហរដ្ឋអាមេរិក ខណៈអាមេរិកបានដាក់ពង្រាយកងទ័ពជាច្រើននាក់ នៅព្រំដែនភាគខាងត្បូងរបស់ខ្លួន ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខ៕