(កាណាដា)៖ ក្រុមគ្រួសារសាច់ញាតិនៃបុរសជនជាតិកាណាដាម្នាក់ ដែលត្រូវបានតុលាការចិនសម្រេច «ផ្តន្ទាទោសប្រហារជីវិត» នោះបាននិយាយថា ទីបំផុតការភ័យខ្លាចបំផុតរបស់ពួកគេ បានក្លាយជាការពិតហើយ។ ម៉្យាងវិញទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចនឹង កាន់តែធ្លាក់ចុះដុនដាបថែមទៀតដោយសារតែរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
លោក រ៉ូប៊ឺត ឡយដ៍ ស្គែលឡិនប៊ឺក (Robert Lloyd Schellenberg) ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែនៅថ្ងៃចន្ទសប្តាហ៍នេះ តុលាការចិនបានលើកឡើងថា ការផ្តន្ទាទោសកាលនោះដូចជាធូរស្រាលពេក សម្រាប់បទល្មើសរត់ពន្ធគ្រឿងញៀនបែបនេះ។
លោកស្រី ឡូរី ណែលសុន ចូណែស (Lauri Nelson-Jones) ដែលត្រូវជាមីងរបស់ជនជាប់ចោទបាននិយាយថា «វាជាស្ថានការណ៍អាក្រក់ និងគួរឲ្យសោកស្តាយមួយ ហើយភាពភ័យខ្លាចអាក្រក់បំផុតរបស់ពួកយើង បានក្លាយជាការពិតហើយ។ ខ្ញុំពិតជាពុំអាចស្រមៃបានថា ក្មួយរបស់ខ្ញុំកំពុងមានអារម្មណ៍បែបណាឡើយនាពេលនេះ»។
ជុំវិញរឿងនេះនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានថ្កោលទោសជាខ្លាំង ចំពោះការកាត់ទោសនេះដោយនិយាយថា «វាគឺជាការព្រួយបារម្ភធំមួយសម្រាប់យើងក្នុងនាមជារដ្ឋាភិបាល ហើយសម្ព័ន្ធមិត្តរបស់យើងព្រមទាំងអន្តរជាតិ ក៏គួរតែបារម្ភដូចគ្នាដែរ ចំពោះការដែលប្រទេសចិន បានជ្រើសរើសចាប់ផ្តើមអនុវត្តន៍ច្បាប់ប្រហារជីវិតតាមតែអំពើចិត្ត»។
គួរជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Schellenberg មានរយៈពេល ១០ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការចិន។ សំណុំរឿងរបស់លោក Schellenberg ដែលត្រូវអាជ្ញាធរចិនចាប់ខ្លួនកាលពីឆ្នាំ២០១៤ ពីបទរត់ពន្ធគ្រឿងញៀនមេតាំហ្វេតាមីនទម្ងន់ ២២៧គីឡូក្រាម ពីចិនទៅអូស្រ្តាលីនោះ សុខៗក៏ត្រូវបានពិនិត្យឡើងវិញសាជាថ្មីម្តងទៀត បន្ទាប់កាណាដាបានចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុនទូរគមនាគមន៍ចិន តាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យទីក្រុងប៉េកាំងមានការមិនពេញចិត្តជាខ្លាំង៕