(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ជប៉ុនគួរតែទទួលស្គាល់ដែនអធិបតេយ្យភាពរបស់រុស្ស៊ី នៅលើទីប្រជុំកោះ ឃើរៀល (Kuril islands) ជាមុនសិន ដើម្បីឱ្យកិច្ចចរចាស្ដីពីសនិ្តភាពរវាងប្រទេសទាំងពីរបន្តទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក Lavrov ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នាឱកាសនោះលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «បញ្ហាដែនអធិបតេយ្យ ជុំវិញទីប្រជុំកោះជម្លោះ Kuril មិនអាចត្រូវលើកយកមកធ្វើជារបៀបវារៈ សម្រាប់កិច្ចពិភាក្សាឡើយ ព្រោះវាច្បាស់ណាស់ គឺជាទឹកដីរបស់រុស្ស៊ី... រុស្ស៊ីមានឆន្ទៈពិតប្រាកដក្នុងស្វែងរកដំណោះស្រាយសន្តិភាព ដែលជប៉ុនក៏គួរតែលទ្ធផលបន្សល់ទុក្ខ ក្រោយសង្រ្គាមលោកលើកទី ២ ផងដែរ ក្នុងនោះរួមមានទាំងការទទួលស្គាល់ដែនអធិបតេយ្យរបស់រុស្ស៊ី នៅលើទីប្រជុំកោះភាគខាងត្បូង Kuril»។
គួរជម្រាបថា ក្រោយជំនួបកាលពីថ្ងៃចន្ទ ខាងភាគីជប៉ុនក៏បានទទួលស្គាល់ដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ត្រូវជួបគ្នាក្នុងទីក្រុងម៉ូស្គូ នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាពីការស្វែងរកសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ។ រុស្ស៊ី និងជប៉ុន មិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពនឹងគ្នានោះទេ ក្រោយសង្រ្គាមលោកលើកទី ២ បានបញ្ចប់ទៅ ដោយសារតែបញ្ហាជម្លោះលើទីប្រជុំកោះ Kuril ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី រីឯជប៉ុនកំពុងទាមទារសិទ្ធិអធិបតេយ្យភាព លើទីប្រជុំកោះជម្លោះនេះ៕