(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី នៅថ្ងៃចន្ទនេះ បានទាត់ចោលការគំរាមបំផ្លាញសេដ្ឋកិច្ចតួកគី តាមរយៈការដាក់ទណ្ឌកម្មពីសំណាក់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ហើយថែមទាំងបានប្ដេជ្ញាចិត្តផងដែរថានឹងបន្តធ្វើប្រតិបត្តិការយោធាបោសសំអាតពួកភេរវករ ក្រោយកងទ័ព អាមេរិកត្រូវបានដកចេញពីស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅ បានព្រមានទីក្រុងអង់ការ៉ាត្រង់ៗថាអាចនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បើសិនជាហ៊ានបើក ការវាយប្រហារប្រឆាំងនឹងកងកម្លាំងឃើដនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញ។ ប៉ុន្តែ ជាការឆ្លើយតបនឹងការព្រមាននេះ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានអះអាងថាតួកគីនឹងបន្តធ្វើប្រតិបត្តិការយោធាបោសសំអាតពួកភេរវករ។
លោក Cavusoglu បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖«យើងបានបញ្ជាក់ជាច្រើនដងថាយើងមិនដែលខ្លាចការគំរាមកំហែង ឡើយ...ដូច្នេះយើងនឹងបន្តធ្វើប្រតិបត្តិការយោធាបោសសំអាតពួកភេរវករនៅក្នុងប្រទេសស៊ីរីឱ្យដល់ទីបំផុត។ មិនតែប៉ុណ្ណោះ យើងក៏ចង់ប្រាប់ អ្នក (លោកត្រាំ) វិញដែរថាពួកភេរវករមិនអាចក្លាយជាដៃគូ ឬសម្ព័ន្ធមិត្តរបស់អ្នកជាដាច់ខាត»។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពអាមេរិកជាង ២,០០០នាក់ចេញពីស៊ីរី កាលពីខែធ្នូកន្លងទៅ។ ប៉ុន្តែការសម្រេចចិត្តនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺក្រុមឧទ្ទាមឃើដ ដែលធ្លាប់តែជួយ សហរដ្ឋអាមេរិកក្នុងប្រតិបត្តិការកម្ចាត់ពួក ISIS។ ក្រុមឧទ្ទាមឃើដ នៅក្នុងកែវភ្នែករបស់តួកគីគឺជាក្រុមភេរវករ ហើយទីក្រុងអង់ការ៉ាក៏ត្រូវបាន គេរំពឹងថានឹងបើកការវាយប្រហារទ្រង់ទ្រាយលើក្រុមឧទ្ទាមមួយនេះ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីស៊ីរី៕