(ប៉េកាំង)៖ តុលារមួយនៅក្នុងប្រទេសចិន បានសម្រេចចិត្តជាថ្មីម្ដងទៀតនៅថ្ងៃចន្ទនេះ ដោយផ្ដន្ទាទោសប្រហារជីវិតបុរសជាជនជាតិកាណាដា ម្នាក់ពីបទរត់ពន្ធគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយរបស់ខ្លួន តុលាការប្រជាជនទីក្រុង Dalian នៃខេត្ត Liaoning ភាគឦសានប្រទេសចិន បានបញ្ជាក់ទៀតថា ជនជាប់ចោទឈ្មោះ Robert Lloyd Schellenberg ត្រូវបានវិច្ឆ័យទោសជាថ្មីឡើងវិញជាមួយការផ្ដន្ទាទោសប្រហារជីវិត។ ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋអាជ្ញាចិនអះអាងថាការផ្តន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ នៅក្នុងសវនាការកាលពីលើកមុនគឺវាហាក់ដូចជាធូរស្រាលពេក។
តែទោះយ៉ាងណាក៏ដោយ ការផ្ដន្ទាទោសប្រហារជីវិតជនជាតិកាណាដារូបនេះអាចនឹងបង្កជម្លោះ ឬភាពតានតឹងផ្នែកការទូតថ្មីជារវាងចិន និងកាណាដា ដែលកំពុងមានជម្លោះការទូតនឹងគ្នាស្រាប់ ក្រោយនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេស កាណាដាកាលពីខែឆ្នូ ឆ្នាំ២០១៨៕