(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ ដែលកំពុងបំពេញទស្សនកិច្ចនៅឯទីក្រុងម៉ូស្គូ បានឲ្យដឹងនាថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងត្រូវទៅបំពេញទស្សនកិច្ចនៅ ប្រទេសជប៉ុនក្នុងខែមិថុនាឆ្នាំនេះ៕
២៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់នៅក្នុងករណីធ្លាក់យន្ដហោះដឹកជញ្ជូន Boeing 707 នៅឯទីក្រុងខារ៉ាច (Karaj ) ស្ថិតនៅភាគឦសានប្រទេសអ៊ីរ៉ង់ ក្បែររដ្ឋធានីតេហេរ៉ង់នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយវាបានបុកចំលំនៅឋានប្រជាជនមួយខ្នងផងដែរ៕
៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងទទូចឲ្យរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ធានាឲ្យបានថា ក្រុមឃាតកដែលសម្លាប់អ្នកកាសែត ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នឹងត្រូវទទួលទោសទាំងអស់៕
៤៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-2 ឱ្យទៅឈរជើងនៅឯមូលដ្ឋានទ័ពអាកាស Pearl Harbor-Hickam នៃរដ្ឋហាវ៉ៃ ស្របពេលកំពុងមានជម្លោះជាច្រើនជាមួយមហាយក្សចិន ទាំងក្នុងវិស័យពាណិជ្ជកម្ម និងយោធា ជាពិសេសក្រោយទីក្រុងប៉េកាំងបានព្រមានប្រើប្រាស់កម្លាំងយោធាជាថ្មីលើតៃវ៉ាន់៕
៥៖ ប្រអប់ខ្មៅទីពីររបស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់នៅសមុទ្រជ្វាភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែតុលា ឆ្នាំ២០១៨ ទីបំផុតត្រូវបានក្រុមជំនាញរកឃើញហើយ៕
៦៖ រថភ្លើងគ្មានអ្នកបើកបរដំបូងបំផុតរបស់ប្រទេសអូស្រ្តាលី នាថ្ងៃចន្ទនេះបានរត់សាកល្បង ដោយជោគជ័យជាលើកទីមួយ៕