Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន នឹងទៅទស្សនកិច្ចនៅតូក្យូក្នុងខែមិថុនា ខណៈជប៉ុននិងរុស្ស៊ីកំពុងប្រឹងសម្រេចឲ្យបាន​សន្ធិសញ្ញា​បញ្ចប់សង្រ្គាម​លោកជាផ្លូវការ (Video Inside)

14-01-2019 18:04

(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ ដែលកំពុងបំពេញទស្សនកិច្ចនៅឯទីក្រុងម៉ូស្គូ បានឲ្យដឹងនាថ្ងៃចន្ទនេះ​ថា ​​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងត្រូវទៅបំពេញទស្សនកិច្ចនៅ ប្រទេសជប៉ុនក្នុងខែមិថុនាឆ្នាំនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន Japan Times នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

លោក កូណូ បានលើកឡើងឲ្យដឹងបែបនេះ នៅមុនការជួបពិភាក្សាជាមួយ​រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ ខណៈ​​ប្រទេសទាំងពីរកំពុងព្យាយាម​ជំរុញឲ្យមានសន្ទុះ ក្នុងការប្រឹងប្រែងចរចាគ្នា ឆ្ពោះទៅរកការសម្រេចបាននូវ​​សន្ធិសញ្ញា​​​សន្តិភាព​​ ដើម្បីបញ្ចប់សង្រ្គាមលោកលើកទីពីរជាផ្លូវការ។ ម៉្យាងវិញទៀត នេះគឺជាជំនួបលើកដំបូង គិតចាប់តាំងពី​ប្រមុខការទូតទាំង​ពីរ​ ត្រូវបានមេដឹកនាំរៀងៗខ្លួនបង្គាប់ឲ្យ​ចាត់ចែង​លើកិច្ចការនេះ កាលពីខែវិច្ឆិកាឆ្នាំមុន។

គួរជម្រាបថា ជប៉ុននិងរុស្ស៊ីមិនអាចចុះកិច្ចព្រមព្រៀងលើ​សន្ធិសញ្ញាសន្តិភាពជាមួយគ្នាបាន ដោយសារតែបញ្ហាជម្លោះទីប្រជុំ​កោះ Kuril។ ទីក្រុងតូក្យូបានប្រកាន់ជំហរអះអាងថា ​ប្រជុំកោះនេះ ត្រូវបានរុស្ស៊ីកាន់កាប់ដោយខុសច្បាប់ បន្ទាប់​ពី​ជប៉ុន​​បាន​​ទម្លាក់អាវុធចុះកាលពីឆ្នាំ១៩៤៥ នៅក្នុងសម័យសង្រ្គាមលោកលើកទីពីរ រីឯទីក្រុងម៉ូស្គូវិញបានទទូចឲ្យជប៉ុនទទួលស្គាល់​នូវ​លទ្ធផលនៃសង្រ្គាមនេះ ដែលរួមមានទាំង​អធិបតេយ្យភាពរបស់រុស្ស៊ីនៅលើប្រជុំកោះ Kuril៕