(តេហេរ៉ង់)៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់នៅក្នុងករណីធ្លាក់យន្ដហោះដឹកជញ្ជូន Boeing 707 នៅឯទីក្រុងខារ៉ាច (Karaj ) ស្ថិតនៅភាគឦសានប្រទេសអ៊ីរ៉ង់ ក្បែររដ្ឋធានីតេហេរ៉ង់នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយវាបានបុកចំលំនៅឋានប្រជាជនមួយខ្នងផងដែរ។ នេះបើតាម IRNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឱ្យដឹងទៀតថា យន្ដហោះខាងមានផ្ទុកមនុស្ស ១៦នាក់ និងទំនិញជាច្រើនបានធ្លាក់ចំតំបន់ទីប្រជុំជនមួយ កន្លែងចំងាយ ៤៥គីឡូម៉ែត្រពីទីក្រុងតេហេរ៉ង់។ យន្ដហោះ Boeing 707 នេះបានធ្វើដំណើរចាកចេញពីទីក្រុង ប៊ីសខិក (Bishkek) នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ក្នុងគោលបំណងដឹកសាច់រាប់តោនទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយវាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍កៀហ្ស៊ី (Kyrgyz airline)។
គួរជម្រាបថា វិស្វករយន្តហោះតែម្នាក់ប៉ុណ្ណោះត្រូវបានគេអះអាងថា នៅមានជីវិតតែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ខណៈអាជ្ញាធរអ៊ីរ៉ង់សន្មត់ជាបឋមថា អាកាសធាតុអាក្រក់អាចជាមូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ ព្រោះយន្តហោះហាក់ដូចជាបានចុះខុសផ្លូវ រួចរអិលទៅបុករបងព្រលាន ហើយធ្លាយទៅជល់នឹងផ្ទះប្រជាជនមួយខ្នងទៀត។ ក្រុមសង្គ្រោះក៏បានធ្វើការពិនិត្យផ្ទះរបស់ប្រជាជន ដែលត្រូវបានយន្តហោះបុកចំផងដែរ ប៉ុន្តែផ្ទះនោះពុំមានមនុស្សរស់នៅនោះឡើយនៅពេលកើតហេតុ៕