(កាតា)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងទទូចឲ្យរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ធានាឲ្យបានថា ក្រុមឃាតកដែលសម្លាប់អ្នកកាសែត ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នឹងត្រូវទទួលទោសទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ប្រមុខការទូតអាមេរិករូបនេះបានលើកឡើងដូចខាងលើ ក្នុងអំឡុងនៃការបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា មុនពេលលោកត្រូវបន្តដំណើរឆ្ពោះទៅកាន់អារ៉ាប៊ីសាអូឌីត ដែលកន្លងមកនេះបានប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃពីអន្តរជាតិ ជុំវិញអំពើឃាតកម្មលើលោក Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯប្រទេសកាតា លោក Pompeo បាននិយាយដូច្នេះថា «យើងនឹងបន្តមានកិច្ចសន្ទនាជាមួយព្រះអង្គម្ចាស់ស្នងរាជ្យ និងមន្រ្តីអារ៉ាប៊ីសាអូឌីត ជុំវិញការធានាឲ្យបានថា ជនដៃដល់ទាំងអស់នឹងត្រូវទទួលទោសពេញលេញទាំងស្រុង នៅក្នុងករណីឃាតកម្មលើលោក Jamal Khashoggi ដែលជារឿងមិនអាចទទួលយកបានទាល់តែសោះ»។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ០៨ថ្ងៃនៅ ហ៊្សកដានី អេហ្ស៊ីប បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត អូម៉ង់ និងចុងក្រោយគេគឺនៅគុយវ៉ែត។
គួរជម្រាបថា លោក Khashoggi ត្រូវបានគេសម្លាប់កាលពីថ្ងៃទី០២ ខែតុលា ក្នុងសំណុំរឿងឃាតកម្មដែលបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងជុំវិញពិភពលោក និងបានបង្កការគំរាមកំហែងជាខ្លាំងដល់ទំនាក់ទំនង រវាងទីក្រុងរីយ៉ាដ និងវ៉ាស៊ីនតោន៕