(ស៊ីដនី)៖ រថភ្លើងគ្មានអ្នកបើកបរដំបូងបំផុតរបស់ប្រទេសអូស្រ្តាលី នាថ្ងៃចន្ទនេះបានរត់សាកល្បង ដោយជោគជ័យជាលើកទីមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
រថភ្លើងខាងលើបានធ្វើដំណើរចម្ងាយ ៣៦គីឡូម៉ែត្រ ក្នុងការរត់ធ្វើតេស្តជាលើកដំបូង នៅតំបន់ភាគពាយ័ព្យនៃទីក្រុងស៊ីដនី។ បណ្តាញរថភ្លើង Sydney Metro Northwest ថ្មីនេះ មានរថភ្លើងពុំមានអ្នកបើកបរសរុបចំនួន ២២គ្រឿង ហើយនឹងត្រូវបើកឲ្យសាធារណជន ធ្វើដំណើរទៅមកបាននៅក្នុងឆ្នាំនេះតែម្តង ប្រកបដោយទំនុកចិត្តលើសុវត្ថិភាព។
គួរជម្រាបថា គម្រោងរថភ្លើងគ្មានអ្នកបើកបរនេះមានថវិកាចំនួន ៥.៩ពាន់លានដុល្លារ ដែលតិចជាងការគ្រោងទុក ៣៥៩លានដុល្លារ។ បើតាមរដ្ឋមន្រ្តីដឹកជញ្ជូនអូស្រ្តាលី លោក អាន់ឌ្រូ ខុនស្ទិនស៍ (Andrew Constance) គម្រោងបណ្តាញរថភ្លើងនេះ ជិតរួចរាល់មែនទែនហើយ ដោយការសាងសង់ស្ថានីយ និងកន្លែងចតរថយន្តកំពុងត្រូវគេបង្ហើយឲ្យចប់ជាស្ថាពរ ហើយការធ្វើតេស្តរថភ្លើង នឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ឲ្យចាប់បំផុតតាមតែអាចទៅរួច៕