(តេហេរ៉ង់)៖ មនុស្សយ៉ាងហោច​ណាស់ ០៧នាក់ បានស្លាប់​នៅក្នុងករណីធ្លាក់​យន្ដហោះដឹក​ជញ្ជូន Boeing 707 នៅឯទីក្រុង​ខារ៉ាច (Karaj ) ស្ថិតនៅ​ភាគឦសានប្រទេសអ៊ីរ៉ង់ ក្បែររដ្ឋធានីតេហេរ៉ង់​នៅថ្ងៃចន្ទនេះ ដោយវាបានបុកចំ​លំនៅឋាន​ប្រជាជន​មួយខ្នងផងដែរ។ នេះបើតាម IRNA ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានឱ្យដឹងទៀតថា យន្ដហោះខាង​មានផ្ទុកមនុស្ស ១៦នាក់ និងទំនិញជាច្រើន​បានធ្លាក់ចំតំបន់​ទីប្រជុំជនមួយ កន្លែង​ចំងាយ ៤៥គីឡូម៉ែត្រ​ពីទីក្រុងតេហេរ៉ង់។ យន្ដហោះ Boeing 707 នេះបានធ្វើ​ដំណើរចាកចេញ​ពីទីក្រុង ប៊ីសខិក (Bishkek) នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ក្នុងគោល​បំណងដឹកសាច់រាប់តោន​ទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយវាគឺជា​កម្មសិទ្ធិរបស់​ក្រុមហ៊ុន អាកាសចរណ៍​កៀហ្ស៊ី (Kyrgyz airline)។

គួរជម្រាបថា កាលពីដំបូង​ឡើយយន្ដហោះខាងលើ​ត្រួវបានគេរាយការណ៍ថា មានផ្ទុកមនុស្សតែ ១០នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់មនុស្ស ០៩​នាក់ទៀតវិញនោះ គឺម្នាក់ជាវិស្វករយន្តហោះ​ត្រូវបានគេ​អះអាងថា នៅមានជីវិតតែស្ថិត​ក្នុងស្ថានភាព​​របួសធ្ងន់ធ្ងរ ខណៈអាជ្ញាធរអ៊ីរ៉ង់​សន្មត់ជាបឋមថា អាកាសធាតុអាក្រក់​អាចជាមូលហេតុនៃគ្រោះ​ថ្នាក់ធ្លាក់យន្ដហោះ​នេះ។

បន្ថែមពីខាងលើនេះទៀត មនុស្សទាំង​០៨នាក់ទៀត​កំពុងស្ថិតនៅក្នុងការតាមរក​នៅឡើយ ជាមួយ​នឹង​ការពិនិត្យផ្ទះ​របស់ប្រជាជន ដែលត្រូវបានយន្តហោះបុកចំផងដែរ ក្រែងលោ​មាន​មនុស្សរង​គ្រោះបន្ថែម​ទៀត៕