(ហាវ៉ៃ)៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-2 ឱ្យទៅឈរជើងនៅឯមូលដ្ឋានទ័ពអាកាស Pearl Harbor-Hickam នៃរដ្ឋហាវ៉ៃ ស្របពេលកំពុងមានជម្លោះជាច្រើនជាមួយមហាយក្សចិន ទាំងក្នុងវិស័យពាណិជ្ជកម្ម និងយោធា ជាពិសេសក្រោយទីក្រុងប៉េកាំងបានព្រមានប្រើប្រាស់កម្លាំងយោធាជាថ្មីលើតៃវ៉ាន់។ នេះបើតាមវរសេនីយ៍ឯកអាមេរិក លោក ចូសវ៉ា ដ័រ (Joshua Dorr) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនាពេលថ្មីនេះលោក Joshua Dorr បានគូសបញ្ជាក់ដូច្នេះថា «ការបញ្ជូន និងដាក់ពង្រាយ B-2 ទៅកាន់រដ្ឋហាវ៉ៃ គឺបង្ហាញថាយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារខ្លួនឯង និងសម្ព័ន្ធមិត្តរបស់យើង... ហើយយន្ដហោះទម្លាក់គ្រាប់បែកនេះនឹងធ្វើការត្រួតពិនិត្យឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃ និង ០៧ថ្ងៃក្នុងមួយសប្ដាហ៍»។ វរសេនីយ៍ឯកអាមេរិករូបនេះបន្ថែមថា យន្ដហោះ B-2 ០៣គ្រឿង ព្រមទាំងកងទ័ពអាកាស ២០០នាក់ នឹងត្រូវដាក់ឱ្យឈរជើងនៅឯមូលដ្ឋានទ័ពអាកាស Pearl Harbor-Hickam នៃរដ្ឋហាវ៉ៃ។
គួរបញ្ជាក់ថា ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-2 ទៅកាន់កោះហាវ៉ៃ ធ្វើឡើងក្រោមប្រតិបត្តិការប្ដូរវេន ដើម្បីគាំទ្រដល់បេសកកម្មរបស់ទីបញ្ជាការយុទ្ធសាស្ត្រនៃកងកម្លាំងទម្លាក់គ្រាប់បែក (Strategic Command’s Bomber Task Force (BTF) mission)។ តែទោះជាយ៉ាងណាក៏ដោយ ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកនេះ កើតមានឡើងនៅចំពេលដែលចិនបានព្រមានប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ និងក្រោយមានសេចក្ដីរាយការណ៍ថា យោធាចិនបានដាក់ពង្រាយមីស៊ីលបាលិស្ទីគរយៈចំងាយមធ្យម DF-26 នៅតំបន់ពាយ័ព្យនៃប្រទេស ដែលអាចមានសមត្ថភាពបាញ់ដល់កោះ Guam របស់សហរដ្ឋអាមេរិក៕