(សេអ៊ូល)៖ ប្រភពពីមន្រ្តីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសអាស៊ីខាងកើតមួយនេះ នឹងទទួលបានយន្តហោះចម្បាំង F-35A ជាលើកដំបូងពីសហរដ្ឋអាមេរិក នៅខែមីនាខាងមុខ ក្រោយការរង់ចាំអស់រយៈពេលជាង៤ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
កូរ៉េខាងត្បូងនឹងទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ០២គ្រឿងដំបូងនៅខែមីនា ហើយពួកវានឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការនៅខែមេសា ឬក៏ខែឧសភា ខណៈយន្តហោះ F-35A សរុបចំនួន ១០គ្រឿងទៀត នឹងរួចរាល់សម្រាប់ការដាក់ពង្រាយនៅចុងឆ្នាំនេះ ហើយនឹងកើនដល់ ៤០គ្រឿងនៅដំណាច់ឆ្នាំ២០២១។
ប្រទេសកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលបានទិញយន្តហោះចម្បាំងដ៏ទំនើបនេះ ដោយក្នុងនោះរួមមានទាំងជប៉ុន និងអូស្រ្តាលីផងដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៤ កូរ៉េខាងត្បូង បានអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះចម្បាំង F-35A ចំនួន ៤០គ្រឿងក្នុងតម្លៃ ៦.៨ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក។
គួរជម្រាបថា កាលពីចុងខែមុន ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវយ៉ាងទទូចឲ្យមានការពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំថែមទៀត ទោះបីជាកិច្ចចរចាបាននិងកំពុងតែប្រព្រឹត្តទៅ ជាមួយកូរ៉េខាងជើងយ៉ាងណាក្តី ដោយលោកបានសង្កត់ធ្ងន់ថា ទាល់តែមានយោធារឹងមាំទើបអាចរក្សាសន្តិភាព បានស្ថិតស្ថេរយូរអង្វែង៕