(តេហេរ៉ង់)៖ អាជ្ញាធរអ៊ីរ៉ង់​នៅថ្ងៃចន្ទនេះបានឱ្យដឹងថា យន្ដហោះដឹកជញ្ជូនមួយ​គ្រឿង​ប្រភេទ Boeing 707 ដែល​បានធ្លាក់នៅក្បែរ​អាកាសយានដ្ឋាន ខារ៉ាច (Karaj) ស្ថិតនៅភាគខាងលិច​ទីក្រុងតេហេរ៉ង់នោះ មានផ្ទុកមនុស្សសរុប ១០នាក់។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច​ដោយ​សារព័ត៌មាន Russian Today នៅ​រសៀល​ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

ជាមួយគ្នា​នោះដែរ បើតាម​សារព័ត៌មាន Fars News យន្ដហោះខាង​លើបានធ្វើដំណើរចាក​ចេញពី​ទីក្រុង ប៊ីសខិក (Bishkek) នៃប្រទេស កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដោយផ្ទុកមនុស្ស១០នាក់ និងទំនិញជាច្រើន។ ប៉ុន្តែ​យន្ដហោះដឹកជញ្ជូនប្រភេទ Boeing 707 នេះស្រាប់តែធ្លាក់​នៅពេលហោះហើរ​ជិតដល់ អាកាសយានដ្ឋាន Karaj ហើយបានជ្រុល​ទៅបុកជញ្ជាំងព្រលាន​យន្ដហោះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ​មិនទាន់មានសេចក្ដី​រាយការណ៍ពី​មូលហេតុធ្លាក់ និងជោគវាសនា​របស់មនុស្សទាំង ១០នាក់​ដែលជិះនៅលើយន្ដហោះ​នេះនៅឡើយទេ ខណៈ សារព័ត៌មាន Fars News បានបង្ហោះរូបភាពយន្ដហោះនៃអាកាសចរណ៍កៀហ្ស៊ី (Kyrgyz airline) ខាងលើនេះផ្ទុះឆេះ នៅក្បែរ​អាកាសយានដ្ឋានទីក្រុងតេហេរ៉ង់៕