អូស្ត្រាលីចង់សើរើភាពជាសម្ព័ន្ធមិត្តជាមួយអាមេរិក ព្រោះតែនយោបាយផ្លេកបន្ទោររបស់ ត្រាំ ដែលចង់ដកទ័ពពីអាហ្វហ្គានីស្ថានថែមទៀត...
14-01-2019 12:41
(កង់បេរ៉ា)៖ ប្រមុខការទូតអូស្រ្តាលីបានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញគម្រោងរបស់សហរដ្ឋអាមេរិកក្នុងការដកទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈអតីតមេបញ្ជាការយោធាអូស្រ្តាលីម្នាក់បានលើកឡើងថា ភាពស្រពិចស្រពិលនៃការប្តេជ្ញារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតំបន់មជ្ឈិមបូព៌ា គួរតែជំរុញឲ្យទីក្រុងកង់បេរ៉ាគិតគូរឡើងវិញ អំពីសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
កាលពីខែធ្នូកន្លងទៅ សារព័ត៌មានអាមេរិកបានចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកាត់បន្ថយកងទ័ពប្រមាណ ១៤,០០០នាក់ ដែលមានវត្តមាននៅអាហ្វហ្គានីស្ថាន ចំនួនពាក់កណ្តាល។ ជុំវិញផែនការនេះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) បានលើកឡើងថា វានឹងជាបញ្ហាគួរឲ្យបារម្ភខ្លាំងសម្រាប់អូស្រ្តាលី ប្រសិនបើដៃគូសំខាន់ៗរបស់ខ្លួន សម្រេចផ្លាស់ប្តូរជំហររបស់ពួកគេ។
ជាមួយគ្នានេះ លោក ភីធើ លាហ៊ី (Peter Leahy) ដែលធ្លាប់កាន់តួនាទីជាអគ្គមេបញ្ជាការយោធាអូស្រ្តាលី កាលពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៨ បាននិយាយថា ដោយសារភាពមិនច្បាស់លាស់ជុំវិញការប្តេជ្ញាចិត្តទៅថ្ងៃខាងមុខ របស់អាមេរិកចំពោះមជ្ឈិមបូព៌ា អូស្រ្តាលីគួរឲ្យពិចារណាឡើងវិញ អំពីភាពជាសម្ព័ន្ធមិត្តនៃប្រទេសទាំងពីរ។
លោក Leahy បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើយើងស្ថិតក្នុងស្ថានការណ៍មួយ ដែលយើងបានធ្វើការប្តេជ្ញាយ៉ាងមុតមាំ ប៉ុន្តែសហរដ្ឋអាមេរិកវិញបែរជាផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេស្ទើរតែតាមចិត្តរបស់លោក ដូណាល់ ត្រាំ ទាំងស្រុងនោះ តើពួកយើងគួរធ្វើបែបណា។ អូស្រ្តាលីត្រូវគិតគូរអំពីភាពគួរឲ្យទុកចិត្តបានរបស់អាមេរិកសម្រាប់រយៈពេលវែង ក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នា»។
គួរជម្រាបថា ក្រៅពីអាហ្វហ្គានីស្ថាននេះលោក ត្រាំ ក៏កំពុងអនុវត្តន៍ផែនការដកកងទ័ពប្រមាណ ២,០០០នាក់ ដែលកំពុងឈរជើងនៅប្រទេសស៊ីរីផងដែរ៕