(ហ្សាការតា)៖ ប្រអប់ខ្មៅទីពីររបស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់នៅសមុទ្រជ្វាភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែតុលា ឆ្នាំ២០១៨ ទីបំផុតត្រូវបានក្រុមជំនាញរកឃើញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ដំណឹងខាងលើត្រូវបានប្រកាសឲ្យដឹង ពីសំណាក់អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក ហេងគី អាំងកាសាវ៉ាន (Hengky Angkasawan) ដោយវាគឺជាប្រអប់ខ្មៅមានផ្ទុកនូវខ្សែអាត់សំឡេងសន្ទនា ក្នុងបន្ទប់របស់អ្នកបើកយន្តហោះ និងត្រូវបានរកឃើញដោយក្រុមអ្នកមុជទឹកនាព្រឹកថ្ងៃចន្ទនេះ។
គួរជម្រាបថា យន្តហោះជើងហោះហើរ JT610 នៃក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី Lion Air បានដាច់ការទាក់ទងបន្ទាប់ពីវាបានហោះចាកចេញពីរដ្ឋធានីហ្សាការតា ដើម្បីឆ្ពោះទៅកាន់ទីក្រុង ផាំងកាល់ ភីណាង (Pangkal Pinang) បាន ១៣នាទី និងផ្តាច់ជីវិតមនុស្សទាំង ១៩៨នាក់ ដែលធ្វើដំណើរលើនោះ ហើយវាគឺជាករណីធ្លាក់ដំបូងបង្អស់នៃយន្តហោះស៊េរីថ្មី Boeing 737 MAX ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ Boeing៕