(ម៉ូស្គូ)៖ ការចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិករបស់អង់គ្លេស ក្នុងការសាងសង់កំពូលនាវាផ្ទុកយន្ដហោះចម្បាំងថ្មី ០២គ្រឿងត្រូវបានគេមើលឃើញថា មានចេតនាប្រើប្រាស់វាដើម្បីជួយសហរដ្ឋអាមេរិក ទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ីនៅទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
យោងតាម Sputnik នាវាផ្ទុកយន្ដហោះចម្បាំងទាំង ០២គ្រឿងខាងលើ ដែលនឹងត្រូវដាក់ដំណើរក្នុងពេលអនាគតដ៏ខ្លីខាងមុននេះ គឺមានឈ្មោះថា HMS Queen Elizabeth និង HMS Prince of Wales ដែលមានតម្លៃសរុបជាង ៨ពាន់លានដុល្លារ ហើយវានឹងកើនតម្លៃជាងនេះទ្វេដង នៅពេលទីក្រុងឡុងដ៍ទិញយន្ដហោះចម្បាំងអាមេរិក F-35 មកបំពេញលើនាវាផ្ទុកយន្តហោះចម្បាំងនេះ។ ប៉ុន្តែបើតាមអត្ថបទដែលចុះផ្សាយសារព័ត៌មានរុស្ស៊ីដដែល ការផលិតនាវាចម្បាំងទាំង ០២គ្រឿងនេះ មិនមែនគា្រន់តែដើម្បីការពារខ្លួននោះទេ ពោលគឺក៏មានគោលបំណងប្រើប្រាស់វាក្នុងការ ទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់រុស្ស៊ីនៅទ្វីបអឺរ៉ុប និងនៅលើពិភពលោកទាំងមូលផងដែរ។
បើទោះជាមានសម្ព័ន្ធភាពពិសេស ជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏អង់គ្លេសនៅតែមើលឃើញយ៉ាងច្បាស់ថា ក្នុងនាមជាប្រទេសមហាអំណាចមួយនឹងគេ មិនអាចពឹងផ្អែកទាំងស្រុងតែលើសហរដ្ឋអាមេរិកនោះទេ ស្របពេលចិនជាពិសេសគឺរុស្ស៊ីបាននិងកំពុងបង្កើនការអភវិឌ្ឍសមត្ថភាពយោធា របស់ខ្លួនកាន់តែខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងអង់គ្លេសទាំង ០២ខាងលើ ត្រូវបានរចនាឡើងឱ្យស្របទៅនឹងបច្ចេកវិទ្យាយន្ដហោះចម្បាំងអាមេរិក ព្រោះ ទីក្រុងឡុងដ៏បានបញ្ចាទិញយន្ដហោះចម្បាំងអាមេរិក F-35B ចំនួន ៤៨គ្រឿងពីក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin ដើម្បីបំពេញប្រតិបត្តិការលើនាវាចម្បាំងរបស់ខ្លួន ព្រមទាំងមានផែនការទិញយន្ដហោះ F-35 សរុបរហូតដល់ ១៣៨គ្រឿងឯណោះ។ យន្ដហោះអាមេរិកស៊េរី F-35 មួយគ្រឿងគឺមានតម្លៃ ១០០លានដុល្លារ៕