(ប៊ែរឡាំង)៖ ក្រសួងការបរទេស​អាល្លឺម៉ង់បាន​ចាត់ទុក លិខិត​ដែលឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំទីក្រុង​ប៊ែរឡាំង ផ្ញើ​ទៅ​កាន់​បណ្តា​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែលបានចូលរួម​ក្នុង​គម្រោង​តភ្ជាប់បណ្តាញ​បំពុងផ្គត់ផ្គង់​ឧស្ម័ន Nord Stream 2 ថា ជាទង្វើបង្ក​ហេតុថ្មីមួយផ្សេង​ទៀត។ នេះបើតាម​សេចក្តីរាយការណ៍​​​របស់កាសែត​​អាល្លឺម៉ង់ ហេឌែលស៍ប្លេត (Handelsblatt) ដកស្រង់​​​ការ​ផ្សាយ​ដោយ​​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃអាទិត្យ ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានអាល្លឺម៉ង់បាន​ចុះផ្សាយថា ឯកអគ្គរដ្ឋទូត​អាមេរិក លោក រីឆាដ គ្រីនែល (Richard Grenell) បាន​ផ្ញើ​លិខិត​​ទៅកាន់ក្រុមហ៊ុន​អាល្លឺម៉ង់ និង​បានបង្ហើបថា​ ក្រុមហ៊ុន​ទាំងនោះ​អាចនឹងទទួលរងទណ្ឌកម្ម​ពីទីក្រុង​វ៉ាស៊ីនតោន ចំពោះ​ការ​គាំទ្រ​​​​គម្រោង Nord Stream 2។ ចំណែកអ្នកនាំ​ពាក្យ​លោក Grenell បាន​និយាយថា លិខិតរបស់​​លោកមិន​គួរ​ត្រូវ​ចាត់​ទុក​​ថា ជាការគំរាមកំហែងនោះទេ ប៉ុន្តែជាការបញ្ជាក់​ច្បាស់ៗ​អំពីគោលនយោបាយ​​របស់​សហរដ្ឋអាមេរិក។

បើតាម​កាសែត Handelsblatt ក្រុមហ៊ុននានា​ដែលបានទទួល​លិខិត​ពី លោក Grenell បានស្នើ​សុំការណែនាំពីក្រសួង​​ការ​បរទេស​អាល្លឺម៉ង់ថា តើគួរឆ្លើយតប​បែបណាចំពោះ​ការគំរាមកំហែង​បែបនេះ ហើយក្រសួង​បានប្រាប់ក្រុមហ៊ុន​ទាំង​​នោះ​កុំឲ្យ​ធ្វើការឆ្លើយតប​អ្វីទាំងអស់ និងបានចាត់ទុ​កវាថា គឺជាទង្វើ​បង្កហេតុ។

គួរជម្រាបថា Nord Stream 2 គឺជាផែនការរួមគ្នា​រវាង​ក្រុមហ៊ុនឧស្ម័ន​រុស្ស៊ី Gazprom និង​ក្រុមហ៊ុនអឺរ៉ុប ០៥ទៀត ដែលមាន​​គោលដៅ​ផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ​​ប្រមាណ ៥៥ពាន់លានម៉ែត្រគូប​ពីប្រទេសរុស្ស៊ី​ជារៀងរាល់ឆ្នាំ ទៅឲ្យ​សហភាព​អឺរ៉ុបតាម​សមុទ្រ​បាល់​ទិច និងប្រទេសអាល្លឺម៉ង់។ ប្រទេសអឺរ៉ុបមួយ​ចំនួនបានស្វាគមន៍ចំពោះ​គម្រោងនេះ រីឯខ្លះទៀតមិន​ស្វាគមន៍​នោះឡើយ ដោយ​ពួកគេ​​យល់ថា វានឹង​​ធ្វើឲ្យអឺរ៉ុបកាន់​តែពឹងផ្អែកខ្លាំងទៅលើ​ឧស្ម័ន​របស់រុស្ស៊ី។ ចំណែក​សហរដ្ឋអាមេរិក​វិញ ក៏បានព្យាយាមជំទាស់ជាខ្លាំង​​ជុំវិញ​​​​គម្រោង Nord Stream 2 ផងដែរ៕