(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple បានប្រកាសខ្លួននឹងដាក់លក់ឧបករណ៍តន្ត្រីវៃឆ្លាត ឬ HomePod smart speaker នៅក្នុងប្រទេសចិន និងទីក្រុងហុងកុង ចាប់ពីថ្ងៃសុក្រ ទី១៨ ខែមករានេះតទៅ ខណៈការលក់ទូរស័ព្ទដៃ iPhone ក្នុងទីផ្សារធំបំផុតលើពិភពលោកមួយនេះកំពុងជួបបញ្ហាមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ការប្រកាសបែបនេះរបស់ Apple ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនម៉ាកសញ្ញាផ្លែប៉ោមមួយនេះ បានឱ្យដឹងកាលពីខែធ្នូ កន្លងទៅថា នឹងចាប់ផ្ដើមដាក់លក់ផលិតផល HomePod នៅក្នុងប្រទេសចិនដើមឆ្នាំ២០១៩ នេះតែម្តង។ ក្រុមហ៊ុន Apple បានដាក់លក់ HomePod កាលពីឆ្នាំ២០១៨ នៅទីផ្សារអាមេរិក មុននឹងបញេ្ចញទៅលក់នៅឯបរទេស ជាពិសេសគឺបណ្ដាប្រទេសអឺរ៉ុប ដោយសារសន្ទុះនៃទីផ្សារឧបករណ៍បំពងសំឡេងបំពាក់ Bluetooth បែបនេះ កំពុងតែស្ទុះឡើងគួរឲ្យកត់សម្គាល់ នៅទូទាំងសកលលោកតែម្តង។
គួរបញ្ជាក់ថា ដើម្បីទាក់ទាញទីផ្សារចិន ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះក៏បានបញ្ចូលបច្ចេកវិទ្យាថ្មីជាច្រើនទៅក្នុង smart speaker របស់ខ្លួនផងដែរមានដូចជាសមត្ថភាពអាច support ជាមួយភាសាចិនដីគោក (Mandarin ឬ កុកងឺ) និងភាសាចិនកាតាំង (Cantonese) ជាមួយតម្លៃប្រកួតប្រជែងលើទីផ្សារចិនក្នុងមួយគ្រឿង ៤០៨ដុល្លារអាមេរិក។ បច្ចុប្បន្ននេះម៉ាកសញ្ញា Speaker ដែលល្បីៗលើទីផ្សារមានដូចជា Harmon-JBL, Bose, UE, Anker និង Sony ជាដើម៕