(ម៉ូស្គូ)៖ កាលពីសប្តាហ៍មុននេះ ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរី ហើយខែលការពារមីស៊ីលស៊ីរីបានទប់ស្កាត់ការវាយប្រហារនោះបានភាគច្រើន ដែលធ្វើឲ្យជុំវិញទីក្រុងនេះរងការប៉ះពាល់តិចតួចបំផុត ប៉ុន្តែតើនេះជាវាយប្រហារជាការវាយប្រហារដោយអ៊ីស្រាអែល ទៅលើកងកម្លាំងស៊ីរីមែន ឬក៏យ៉ាងណា? នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
តាមពិតទៅសំនួរខាងលើនេះ ត្រូវបានមន្ត្រីជើងចាស់អាមេរិកមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានធ្វើការបកស្រាយថា វាមិនមែនជាចេតនារបស់អ៊ីស្រាអែលទាំងស្រុងនោះឡើយ ប្រសិនបើគ្មាននរណាមួយបញ្ជាពីក្រោយខ្នងទេនោះ។ ខណៈស្ថានការណ៍នៅស៊ីរីកាន់តែស្ងប់ស្ងាត់ទៅហើយ ប៉ុន្តែបែរជាអ៊ីស្រាអែលធ្វើការវាយប្រហារទៅលើស៊ីរីថែមទៀតនោះ វាជារឿងដែលមានហេតុផលពីក្រោយយ៉ាងពិតប្រាកដ។
ដើម្បីឲ្យច្បាស់រឿងនេះ មន្ត្រីជើងចាស់ខាងលើនេះបានរំលឹកទៅហេតុការណ៍មួយ ដែលបានកើតមានឡើងមិនយូរប៉ុន្មានឡើយ នោះគឺការវាយប្រហារដោយក្រុមដែលអាមេរិកចោទថាជាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលកំពុងឈរជើងនៅក្នុងទឹកដីស៊ីរី ទៅលើតំបន់ខៀវមួយ (តំបន់អព្យាក្រិត្យ) នៃទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ ដោយប្រើប្រាស់កាំភ្លើងធំកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ដោយក្រោយការវាយប្រហារកាលណោះ អាមេរិកបានធ្វើការចោទប្រកាន់ភ្លាមៗ ទៅលើកងកម្លាំងអ៊ីរ៉ង់តែម្តង។
ទោះបីជាការវាយប្រហារនៅក្បែរស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងបាកដាដនាពេលនោះ មិនបានបង្កឲ្យមន្ត្រីទូត ឬសន្តិសុខទូតអាមេរិកណាម្នាក់រងគ្រោះថ្នាក់ក្តី តែវាក៏ជាការបង្កឲ្យអាមេរិកខឹងសម្បារមិនស្ទើរនោះដែរ ហើយបានរិះរកវិធីដើម្បីសងសឹកវិញ។ ការសងសឹកនោះគឺត្រូវខ្ចីដៃអ៊ីស្រាអែល ដែលជាប្រទេសចាត់ទុកអ៊ីរ៉ង់ និងស៊ីរីជាសត្រូវធំស្រាប់ ហើយវាបានកើតឡើងកាលពីសប្តាហ៍មុននេះ តាមរយៈការវាយប្រហារដោយកងទ័ពអាកាសអ៊ីស្រាអែល ទៅលើមូលដ្ឋានកងកម្លាំងអ៊ីរ៉ង់ ដែលកំពុងឈរជើងក្នុងទីក្រុងដាម៉ាស់។
គួរបញ្ជាក់ថា ការអះអាងខាងលើនេះ គឺមិនត្រូវបានទទួលស្គាល់ដោយភាគីទាំងពីរ គឺអាមេរិក និងអ៊ីរ៉ង់នោះដែរ ខណៈកន្លងមកពាក្យដែលអាមេរិកបានចោទថា អ៊ីរ៉ង់ជាអ្នកការផ្លោងគ្រាប់ទៅលើតំបន់ប្រជុំបេសកកម្មការទូតក្នុងទីក្រុងបាកដាដ កាលពីខែកញ្ញា ឆ្នាំមុននោះ ត្រូវបានរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ទាត់ចោលភ្លាមៗ និងបានអះអាងតបទៅវ៉ាស៊ីនតោនវិញថា វាជាគ្រាន់ជាការចោទប្រកាន់ដោយខុសទាំងស្រុង និងជាឈ្នាន់នៃកម្មវិធីនយោបាយរបស់សហរដ្ឋអាមេរិកក្នុងតំបន់នេះតែប៉ុណ្ណោះ៕