(ភ្នំពេញ)៖ សេចក្ដីប្រកាសភ្លាមៗតាមទម្លាប់របស់ប្រធានាធិបតីនៃមហាអំណាចអាមេរិកលោក Donald Trump កាលពីខែធ្នូកន្លងទៅនេះ ស្តីពីការដកកងទ័ពចេញពីប្រទេសស៊ីរី មើលទៅហាក់ដូចជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទើបរកឃើញយុទ្ធសាស្ត្រថ្មីក្នុងការបញ្ចប់ជម្លោះស៊ីរី។ តែការពិតទៅការដកទ័ពនេះហាក់មិនអាចហុចផលអ្វីដល់ការបញ្ចប់ជម្លោះនៅស៊ីរីនោះទេ ផ្ទុយទៅវិញវានឹងផ្តល់ឱកាសដល់អ៉ីរ៉ង់ក្នុងការពង្រីកឥទ្ធិពល មិនត្រឹមតែនៅក្នុងប្រទេសស៊ីរីប៉ុណ្ណោះទេ គឺយ៉ាងទូលំទូលាយទូទាំងតំបន់តែម្តង។ លោក ដូណាល់ ត្រាំ បានធ្វើឱ្យស៊ីរី ក្លាយជាទីកន្លែងចេញចូលដោយសេរី សម្រាប់អ៉ីរ៉ង់ ក្នុងបង្កអស្ថិរភាពក្នុងតំបន់។
បើទោះបីការសម្រេចចិត្តភ្លាមៗនេះ ទទួលរងនូវការរិះគន់ក្តី លោក Donald Trump បានព្យាយាមការពារការសម្រេចចិត្តក្នុងការដកទ័ពនេះថា ជារឿងត្រឹមត្រូវ ព្រោះលោកបានធ្វើតាមការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយការនាំទ័ពអាមេរិកពីដែនដីស៊ីរី វិលត្រឡប់មកប្រទេសកំណើតវិញ។ ប៉ុន្តែការអនុវត្តការសន្យានេះវាហាក់ខុសទំនង ខុសកាលៈទេសៈដោយសារធ្វើឡើងទាំងដែលជម្លោះនៅស៊ីរី មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ការសម្រេចចិត្តក្នុងពេលនេះ វាមិនខុសអីពីការយកកាំភ្លើងបាញ់ជើងខ្លួនឯងនោះទេ។
ការពិតទៅការដកទ័ពចេញពីប្រទេសស៊ីរី វាហាក់គោរពតាមការសន្យាលើមួយចំនុច តែវាក៏ផ្ទុយពីការសន្យាក្នុងចំណុចផ្សេងទៀតផងដែរ គឺលោកអនុញ្ញាតឱ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលនៅមជ្ឈឹមបូព៌ា។ ជាងនេះទៅទៀតនោះ លោកបានធ្វើសេចក្តីថ្លែងការណ៍កាលពីខែមករាកន្លងទៅនេះ ដោយបានប្រកាសថាប្រទេស អ៊ីរ៉ង់ «អាចធ្វើអ្វីដែលពួកគេចង់ធ្វើនៅក្នុងទឹកដីនៃប្រទេសស៊ីរី»។
តំបន់នៅភាគឦសាននៃប្រទេសស៊ីរី ដែលជាទីតាំងដែលអាមេរិកដាក់ពង្រាយទ័ពរបស់ខ្លួន ក៏ជាទីតាំងដែលអ៊ីរ៉ង់ ប្រាថា្នចង់គ្រប់គ្រងខ្លាំងបំផុតផងដែរ។ ទីនោះសម្បូរទៅដោយប្រភពធនធានប្រេង ហើយស្ថិតនៅចំណុចជិតព្រំដែនជាប់ប្រទេស អ៊ីរ៉ាក់ ជាទីតាំងដែលប្រទេស អ៊ីរ៉ង់ បានបញ្ជូនកងកម្លាំងរំដោះ PMFសម្ព័ន្ធមិត្តអ៊ីរ៉ាក់ ទៅប្រទេស ស៊ីរី ក្រោមលេសដើម្បីបោសសម្អាតពួក ISIS។ អ៊ីរ៉ង់ ចង់កាន់កាប់តំបន់នេះដើម្បីងាយចេញចូលតំបន់ព្រំដែនស៊ីរី - អ៊ីរ៉ាក់។
ពីមុនវត្តមានកងទ័ពអាមេរិក នៅតំបន់នោះ បានរារាំងសេរីភាពនៃចលនារបស់ពួកសកម្មប្រយុទ្ធ។ វាក៏រារាំងមិនឱ្យកងកម្លាំងអ៊ីរ៉ង់អាចចូលទៅគ្រប់គ្រងទីតាំងប្រេងក្នុងរបស់តំបន់ផងដែរ។ នៅពេលដែលគ្មានវត្តមានទ័ពអាមេរិកក្នុងតំបន់មាសនេះ នោះអ៊ីរ៉ង់ទាញយកផលចំណូលពីការលក់ប្រេងក្នុងតំបន់នេះ ដើម្បីទូទាត់ការខាតបង់ផ្នែកសេដ្ឋកិច្ចមួយចំនួន ដែលកំពុងកើតឡើងដោយសារការដាក់ទណ្ឌកម្ម បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
មជ្ឈដ្ឋានខ្លះមើលឃើញថា សេចក្តីប្រកាសរបស់លោក Trump ក្នុងក្តីរំពឹងថា របបដឹកនាំប្រទេសរុស្ស៊ី និងស៊ីរី នឹងងាកចេញពីប្រទេស អ៊ីរ៉ង់។ ការរំពឹងទុកនេះ កើតឡើងដោយផ្អែកលើហេតុផលនៃការប្រកួតប្រជែងឥទ្ធិពលរវាងប្រទេស រុស្ស៊ី និងអ៊ីរ៉ង់នៅក្នុងប្រទេស ស៊ីរី។ យ៉ាងណាក្រុមអ្នកគាំទ្រលោក បាស្សាអាល់អាសាដ ហាក់មានការលំអៀងទៅលើប្រទេស រុស្ស៊ី ជាងអ៊ីរ៉ង់ ដោយសារ រុស្ស៊ីបានពង្រីកឥទ្ធិពលលើប្រទេស ស៊ីរី តាមរយៈការពង្រឹងស្ថាប័នរដ្ឋនៅក្នុងប្រទេស ផ្ទុយទៅវិញយុទ្ធសាស្រ្តរបស់អ៊ីរ៉ង់ បង្កើនឥទ្ធិពលទៅលើប្រទេស ស៊ីរី តាមរយៈការបង្កភាពទន់ខ្សោយដល់ស្ថាប័នរដ្ឋស៊ីរីទៅវិញ។ ជាអកុសល មិនថា ស៊ីរី ឬរុស្ស៊ី សុទ្ធតែមិនអាចគ្រប់គ្រងទាំងស្រុងទៅលើសកម្មភាពរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បានឡើយ។
ការដកទ័ពរបស់អាមេរិក នឹងផ្តល់ឱ្យប្រទេសអ៊ីរ៉ង់ ទាំងពេលវេលា និងទីតាំង ដើម្បីពង្រឹងវត្តមានរបស់ខ្លួន និងលទ្ធភាពទទួលបានធនធានផ្សេងៗ ហើយនៅទីបំផុតធ្វើឱ្យរុស្ស៊ី កាន់តែពិបាកក្នុងការដកស៊ីរី ចេញពីការគ្រប់គ្រងរបស់អ៊ីរ៉ង។
ការដកទ័ពនេះ ក៏ជាដំណឹងអាក្រក់មួយសម្រាប់សន្តិសុខរបស់អ៊ីស្រាអែលផងដែរ។ នេះមិនមែនជាលើកទី១ទេ ដែល លោក Trump បានធ្វើសេចក្តីប្រកាសជាបន្ទាន់បែបនេះ ប្រៀបបានជាសារក្រើនរំឮកដល់ប្រទេស អ៊ីស្រាអែល។ កាលពីខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ លោក Trump ធ្លាប់បានធ្វើសេចក្តីប្រកាសស្រដៀងគ្នានេះ អំពីការដកទ័ពចេញពីប្រទេសស៊ីរី ប៉ុន្តែលោកបែរជាផ្លាស់ប្តូរចិត្តក្នុងរយៈពេល៤៨ម៉ោងក្រោយមក បន្ទាប់ពីការបញ្ចុះបញ្ចូលយ៉ាងខ្លាំងក្លាពីសំណាក់ទីប្រឹក្សាដែលលំអៀងទៅប្រទេស អ៊ីស្រាអែល ដោយបានលើកឡើងថា ពេលវេលាក្នុងការដកទ័ពមិនទាន់ដល់ពេលនោះទេ ព្រោះវានឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់អ៊ីស្រាអែល។
ការដកទ័ពរបស់សហរដ្ឋអាមេរិក ក៏អាចផ្តល់ឱ្យ ISIS នូវឱកាសដើម្បីបង្កើនសកម្មភាពឡើងវិញ។ ការដកទ័ពនេះក៏អាចជាការបញ្ចប់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងកងកម្លាំងឃឺដដែលភាគច្រើនរស់នៅក្នុងទឹកដីស៊ីរី និងជាដៃគូរបស់ក្រុមចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមISIS ។ ពួកគេនឹងដកខ្លួនចេញពីការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម ISIS ដោយសារគ្មានការគាំទ្រដោយសហរដ្ឋអាមេរិក ហើយពួកគេនឹងងាយទទួលរងការវាយប្រហារពីសំណាក់ប្រទេស តួកគី ដែលតែងចាត់ទុកថាពួកគេជាក្រុមភេរវករ។
ដំណើរវិវត្តន៍ថ្មីបែបនេះ វានឹងក្លាយជាការត្រួសត្រាយផ្លូវសម្រាប់ ISIS ដើម្បីប្រមូលផ្តុំកសាងកម្លាំងឡើងវិញ។ បន្ទាប់ពីពួក ISIS កាន់តែកើនឡើង វាក៏ក្លាយជាលេសសម្រាប់ប្រទេស អ៊ីរ៉ង់ បង្កើនចំនួនទ័ព បញ្ជូនទៅប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹង ISIS ដោយគ្មានការរារាំងពីសំណាក់វត្តមានកងទ័ពសហរដ្ឋអាមេរិកដូចមុន។
ការដកកងទ័ពរបស់សហរដ្ឋអាមេរិកពីប្រទេសស៊ីរី ក្នុងពេលឆាប់ៗខាងមុខ នឹងធ្វើឱ្យសម្ព័ន្ធភាពចម្រុះប្រឆាំង ISIS របស់សហរដ្ឋអាមេរិកចុះខ្សោយហើយផ្តល់ឱកាសដល់ពួក ISIS ឡើង បង្កការគំរាមកំហែងដល់សន្តិសុខប្រទេសអ៊ីស្រាអែល និងពង្រឹងអំណាចអ៊ីរ៉ង់។ ហើយនៅទីបំផុតការដកទ័ពរបស់អាមេរិកចេញពីប្រទេស ស៊ីរី ធ្វើឱ្យលោក Trump ប្រៀបបាននឹងការក្បត់សន្យា និងគោលដៅខ្លួនឯង ថែមទាំងផ្តល់ឱកាសល្អសម្រាប់អ៊ីរ៉ង់ជំនួសវិញ៕