(ប៉េកាំង)៖ នៅពេលយប់លើព្រះចន្ទគឺមានសភាពងងឹត និងត្រជាក់ខ្លាំង ដែលក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងឱ្យជាក់លាក់ថា វាអាចចុះត្រជាក់ដល់កម្រិតណានោះទេ។ ប៉ុន្តែយាន «Chang'e-4» នឹងជួយបកស្រាយពីបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។
មួយថ្ងៃនៅលើព្រះចន្ទ គឺស្មើនឹង១៤ថ្ងៃនៅលើផែនដី រីឯមួយយប់នៅលើព្រះចន្ទក៏មានរយៈពេលដូចគ្នានេះដែរ។ ដូច្នេះសីតុណ្ហភាពរវាងថ្ងៃនិងយប់នៅលើព្រះចន្ទមានភាពខុសគ្នាយ៉ាងខ្លាំង។ ចំណែកឯ ក្រុមអ្នកវិទ្យាសាស្ត្របានវាយតម្លៃថា សីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃនៅលើ ព្រះចន្ទអាចឡើងដល់១២៧អង្សាសេ ខណៈពេលយប់វាអាចធ្លាក់ចុះរហូតដល់ទៅ១៨៣អង្សាសេក្រោមសូន្យ។ តែទោះជាយ៉ាងនេះក្ដី អ្នកវិទ្យាសាស្ត្រចិនដូចជា លោកស្រី Zhang He បានបញ្ជាក់ថា Chang'e-4 នឹងធ្វើការវាស់វែងពីភាពខុសគ្នានៃសីតុណ្ហភាពនៅពេលថ្ងៃ និងពេលយប់នៅលើព្រះចន្ទ។
គួរបញ្ជាក់ថា ខណៈយាន «Chang'e-4» របស់ចិនបានសម្រេចការចុះចតជាលើកដំបូងមិនធ្លាប់មានពីមុនមក នៅផ្ទៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទដែលមនុស្សមិនដែលបានឃើញនោះ អ្នកជំនាញជើងចាស់ផ្នែកអវកាសម្នាក់របស់ចិនបាននិយាយថា ប្រទេសចិននឹងធ្វើឲ្យបេសកកម្មរុករកនៅលើឋានព្រះច័ន្ទ កាន់តែមានភាពស៊ីជម្រៅ ខ្លាំងជាងពេលណាៗទាំងអស់។
ម្យ៉ាងវិញទៀត ប្រទេសចិន ក៏កំពុងតែគ្រោងបញ្ជូនយានអវកាសមួយគ្រឿង នៅឆ្នាំ២០២០ ដែលនឹងត្រូវទៅគោចរ ចុះចត និងរត់នៅលើភពអង្គារ (Mars) នៅឆ្នាំ២០២១ ផងដែរ។ ដោយឡែក សម្រាប់គោលដៅឆ្នាំ២០៣០វិញ ចិនមានមហិច្ឆតាបាញ់បង្ហោះគ្រាប់រ៉ុក្កែតទម្ងន់ធ្ងន់ ដែលមានសមត្ថភាពផ្ទុកប្រហែល ៤,០០០តោន និងអង្កត់ផ្ចិត ១០ម៉ែត្រ ដោយរ៉ុក្កែតនេះអាចជួយសម្រេចគោលដៅ នៃការនាំយកគំរូស្លាកស្នាមពីភពអង្គារមកកាន់ផែនដី ក៏ដូចជាការបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទ៕