(ឌូបៃ)៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានកោះហៅមន្ត្រីជាន់ខ្ពស់ប៉ូឡូញម្នាក់ឱ្យចូលជួប ដើម្បីសម្ដែងការតវ៉ានិងជំទាស់ចំពោះ ការសម្រេចចិត្តរៀបចំជំនួបអន្តរជាតិរួមគ្នាជាមួយសហរដ្ឋអាមេរិក ដែលផ្ដោតសំខាន់លើអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមសារព័ត៌មាន អ៊ីរ៉ង់ IRNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មាន IRNA មន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់បានប្រាប់មន្ត្រីទូតជាន់ខ្ពស់ប៉ូឡូញប្រចាំទីក្រុងតេហេរ៉ង់ថាអ៊ីរ៉ង់យល់ឃើញថា​ការសម្រេចចិត្តរបស់រដ្ឋាភិបាលប៉ូឡូញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តជាតិ ដែលផ្ដោតសំខាន់លើអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក​គឺជាសកម្មភាព​ប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានព្រមានថានឹងចាត់វិធានឆ្លើយតប។ បន្ថែមពីលើនេះ IRNA បានបញ្ជាក់ទៀតថាមន្ត្រីទូតប៉ូឡូញ​ខាងលើក៏​បានផ្ដល់ការពន្យល់ជុំវិញកិច្ចប្រជុំអន្តរជាតិនេះដែរ ជាមួយការអះអាងថាវាមិនមែនធ្វើឡើងក្នុងគោលបំណងប្រឆាំងអ៊ីរ៉ង់នោះទេ។

គួរជម្រាបថា ប្រតិកម្មរបស់ក្រសួងការបរទេសអ៊ីរ៉ង់កើតមានឡើង ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា​កាលពីថ្ងៃសុក្រថា កិច្ចប្រជុំអន្តរជាតិមួយនឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ដោយផ្តោតសំខាន់លើស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងមធ្យោបាយទប់ស្កាត់សកម្មភាពបង្កអស្ថេរភាពរបស់អ៊ីរ៉ង់នៅក្នុង តំបន់៕