(ពិភពលោក)៖ បញ្ជីឈ្មោះប្រទេសខាងក្រោមនេះ គឺត្រូវបានធ្វើឡើងតាមការស្រាវជ្រាវយ៉ាងទូលំទូលាយ និងផ្តោតលើទិន្នន័យ ដែលសន្និដ្ឋានដោយមូលនិធិរូបិយប័ណ្ណអន្តរជាតិ។ បញ្ជីនេះបង្ហាញ ពីឈ្មោះប្រទេសដែលក្រីក្រជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ភាគច្រើននៃប្រទេសទាំងនេះ គឺស្ថិតនៅទ្វីបអាហ្វ្រិក ហើយកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចស្រដៀងៗគ្នា។ អំពើពុករលួយ, សង្គ្រាមស៊ីវិល, អស្ថិរភាពនយោបាយ និងការកើនឡើងនៃបំណុល គឺបានធ្វើឲ្យប្រទេសទាំងនេះកាន់តែក្រីក្រទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកំពូលប្រទេសទាំង៩ ដែលក្រីក្រជាងគេបំផុត៖
៩៖ អាហ្វហ្គានីស្ថាន (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៥៥៨.៩៧ដុល្លារអាមេរិក)
ដោយមានព្រំដែនជាប់ជាមួយជាង៤ប្រទេស, អាហ្វហ្គានីស្ថាន មានទីតាំងស្ថិតនៅ តំបន់អាស៊ីកណ្តាល និងអាស៊ីខាងត្បូង។ អត្រាប្រជាជនមានប្រមាណ៣៣លាននាក់។ ភាគច្រើននៃហិរញ្ញវត្ថុ នៃប្រទេសនេះ គឺបានមកពីមូលនិធិដែលផ្តល់មកពីក្រៅប្រទេស។ ទោះបីជាវិស័យកសិកម្ម គឺជាវិស័យចម្បង, អាហ្វហ្គានីស្ថាន នៅតែប្រឈមមុខនឹងបំណុលបរទេស។ ជាង៤០ភាគរយ នៃអត្រាប្រជាជន គឺកំពុងរស់នៅស្ថិតក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ ហើយមានប្រជាជនតិចតួចណាស់ ដែលរួចផុតពីភាពក្រីក្រ។ ដោយសារតែប្រទេសត្រូវបានញុំញីដោយសង្គ្រាម អស់រយៈពេលជាង៤០ឆ្នាំ, សេដ្ឋកិច្ចនៃប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំង។ លើសពីនេះទៀត សង្គ្រាមស៊ីវិលផ្នែកក្នុង និងអំពើភេរវកម្ម ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងៗ។
៨៖ ហ្គីណេ (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៥៣៤ដុល្លារអាមេរិក)
ប្រទេសនេះ មានទីតាំងស្ថិតនៅផ្នែកខាងលិចទ្វីបអាហ្វ្រិក ជាមួយនឹងអត្រាប្រជាជនជាង១០លាននាក់។ ហ្គីណេ ជាប្រទេសដែលសម្បូរដោយធនធានធម្មជាតិ ប៉ុន្តែដោយសារតែអស្ថិរភាពសេដ្ឋកិច្ច នៅក្នុងតំបន់បានធ្វើឲ្យក្រុមវិនិយោគិន យល់ឃើញថា វាមានហានិភ័យខ្ពស់ ក្នុងការវិនិយោគនៅក្នុងប្រទេសមួយនេះ។ ជាង៧៥ភាគរយ នៃអត្រាប្រជាជន ធ្វើការងារក្នុងវិស័យកសិកម្ម ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ដើម្បីចិញ្ចឹមប្រជាជនបាន។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ ហ្គីណេ បាននាំចូលផលិតផលពីបណ្តាប្រទេសជាដៃគូ ក្នុងតំបន់អាស៊ាន។
៧៖ លីបេរីយ៉ា (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៤៩១.៦៥ដុល្លារអាមេរិក)
ប្រទេសនេះ ត្រូវបានប្រកាសដោយអង្គការសហប្រជាជាតិថា ជាប្រទេសខ្វះខាតចំណីអាហារ។ មានទីតាំងស្ថិតនៅភាគខាងលិច ទ្វីបអាហ្វ្រិក, លីបេរីយ៉ា បានរងការប៉ះពាល់យ៉ាងខ្លាំង ដោយសង្គ្រាមស៊ីវិល ដែលបានអូសបន្លាយពេល១៤ឆ្នាំ។ ភាគច្រើននៃធនធាន មានភាពខ្វះខាត ដោយសារសង្គ្រាមស៊ីវិលយ៉ាងយូរ ហើយបានធ្វើឲ្យសេដ្ឋកិច្ចជាតិ ធ្លាក់ចុះដល់ចំណុចសូន្យ។ ជាង៧០ភាគរយ នៃអត្រាប្រជាជន គឺរស់នៅស្ថិតក្រោម ខ្សែបន្ទាត់នៃភាពក្រីក្រ។
៦៖ ហ្គំប៊ី (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៤៩០.៦ដុល្លារអាមេរិក)
ជាប្រទេសមួយក្នុងចំណោមប្រទេសតូចជាងគេបំផុត មានទីតាំងស្ថិតនៅផ្នែកខាងលិច នៃទ្វីបអាហ្វ្រិក ហើយត្រូវបានហ៊ុព័ទ្ធជុំវិញ ដោយប្រទសសេណេហ្គាល់។ អត្រាប្រជាជនមាន១.៨លាននាក់ ហើយមានជាង៥០ភាគរយ នៃពួកគេ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ អស្ថិរភាពហិរញ្ញវត្ថុ អស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសធ្លាក់ចុះយ៉ាងខ្លាំង។ វិស័យកសិកម្មនិងនេសាទ គឺជាវិស័យចំបង នៅក្នុងប្រទេសមួយនេះ។
៥៖ កុងហ្គោ (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៤៧៤.២៨ដុល្លារអាមេរិក)
ហ៊ុព័ទ្ធជុំវិញដោយប្រទេសចំនួន៥, សាធារណៈរដ្ឋកុងហ្គោ មានទីតាំងស្ថិតនៅផ្នែកខាងលិចទ្វីបអាហ្វ្រិក។ ជាមួយនឹងអត្រាប្រជាជាជន ប្រមាណ៧៧លាននាក់, កុងហ្គោ ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលធំជាងគេបំផុត នៅទ្វីបអាហ្វ្រិក។ បើទោះបីជាមានរ៉ែប្រេងច្រើនក៏ដោយ សេដ្ឋកិច្ចប្រទេសនេះ នៅតែមានភាពខ្វះខាត ដោយសារការធ្លាក់ចុះតម្លៃប្រេង។ កុងហ្គោ ជាប្រទេសដែលសម្បូរធនធានធម្មជាតិ ប៉ុន្តែសេដ្ឋកិច្ច មានការធ្លាក់ចុះ ដោយសារតែអស្ថិរភាពប្រព័ន្ធនយោបាយ។ ក្រុមអ្នកនយោបាយ មានភាពពុករលួយខ្លាំង។ ប្រជាជនភាគច្រើន នៅតែស្ថិតក្រោមបន្ទាត់ នៃភាពក្រីក្រ ហើយគ្មានការងារធ្វើ។
៤៖ នីហ្សេ (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៤០៩.១៤)
ប្រទេសនេះ ត្រូវបានគេដាក់ឈ្មោះ តាមឈ្មោះទន្លេ Niger ហើយមានទីតាំងស្ថិតនៅភាគខាងលិច ទ្វីបអាហ្វ្រិក។ ប្រមាណ៨០ភាគរយ នៃប្រទេស គឺគ្របដណ្តប់ដោយវាលខ្សាច់ Sahara។ ផ្នែកដែលនៅសេសសល់ នៃប្រទេស គឺតែងតែរងគ្រោះ ដោយគ្រោះរាំងស្ងួតជាញឹកញាប់។ អត្រាកំណើតខ្ពស់ រួមផ្សំនឹងទិន្នផលកសិកម្មទាប បានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ លើសពីនេះ វិស័យសុខាភិបាល និងអប់រំ ក៏មានកម្រិតទាបផងដែរ។ ដោយសម្បូរដោយ រ៉ែអ៊ុយរ៉ាញ៉ូម យ៉ាងច្រើនសន្ធឹកសន្ធាប់, នីហ្សេ អាចអភិវឌ្ឍសេដ្ឋកិច្ចខ្លួនបាន ប៉ុន្តែដោយសារតម្រូវការអ៊ុយរ៉ាញ៉ូម មានការធ្លាក់ចុះ ទើបប្រទេសនេះ សម្រេចបោះបង់ចោល ជាមួយនឹងជម្រើសជាច្រើនទៀត សម្រាប់ការអភិវឌ្ឍ។ ភាគច្រើន នៃថវិការដ្ឋាភិបាល គឺពឹងផ្អែកទៅលើប្រភពធនធានបរទេស។
៣៖ ម៉ាដាហ្គាស្កា (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៤០៤.៩៤ដុល្លារអាមេរិក)
ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែនកោះ ដ៏ធំជាងគេបំផុត លើពិភពលោក, ម៉ាដាហ្គាស្កា មានទីតាំងស្ថិតនៅជិតផ្នែកខាងត្បូង ឆៀងខាងកើត ទ្វីបអាហ្វ្រិក។ ប្រទេសនេះ ល្បីល្បាញដោយសារសត្វ និងរុក្ខជាតិ ហើយជាផ្ទះនៃប្រភេទសត្វកម្រមួយចំនួន នៅលើពិភពលោកផងដែរ។ បន្ទាប់ពីមានវិបត្តិនយោបាយ ដែលកើតឡើងពីឆ្នាំ២០០៩ដល់២០១៣, សេដ្ឋកិច្ចប្រទេស មានភាពអាក្រក់យ៉ាងខ្លាំង។ ចំណូលចំបង សម្រាប់ប្រទេសនេះ គឺវិស័យអេកូទេសចរណ៍ និងកសិកម្ម។ មួយចំនួន នៃបញ្ហាចំបង ដែលប្រទេសនេះ កំពុងប្រឈម គឺការកើនឡើងនៃអតិផរណា, ការធ្លាក់ចុះយ៉ាងគំហុក នៅក្នុងការនាំចេញ និងបញ្ហាបំណុល។
២៖ សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៣៩៩.៧៩ដុល្លារអាមេរិក)
ប្រទេសនេះ មានទីតាំងស្ថិតនៅកណ្តាលទ្វីបអាហ្វ្រិក ហើយហ៊ុព័ទ្ធដោយប្រទេសកាមេរ៉ូន, ស៊ូដង់, ឆាដ និងកុងហ្គោ។ ប្រទេសនេះ បានបែកបាក់អស់រយៈពេលជាច្រើនឆ្នាំ ដោយសារសង្គ្រាមរុំារ៉ៃ។ អស្ថិរភាពនយោបាយ គឺជាបញ្ហាមួយបន្ថែមទៀត បានដាក់ចូលទៅក្នុងទុក្ខភ័យ នៃសេដ្ឋកិច្ចជាតិ។ ដោយសារមានភាពអន់ខ្សោយ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ, ចលនានៃទំនិញ ក៏មិនអាចធ្វើបាននោះដែរ។ ប្រទេសនេះ ជាអ្នកនាំចេញត្បូងពេជ្រដ៏ធំមួយ ប៉ុន្តែប្រាក់ចំណូល ដែលបានបង្កើតឡើង នៅតែមានកំណត់ ចំពោះក្រុមគណបក្សនយោបាយ និងក្រុមវរជនមួយចំនួន។ ក្រៅពីវិស័យកសិកម្ម, ពលរដ្ឋប្រទេសនេះ បានធ្វើការលើវិស័យឧស្សាហកម្មផងដែរ បើទោះបីជា ក្រុមកម្មករឧស្សាហកម្ម ទទួលរងនូវស្ថានភាពអមនុស្សធម៌, ប្រាក់ឈ្នួលទាប និងម៉ោងធ្វើការយូរក៏ដោយ។
១៖ ម៉ាឡាវី (ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់-៣២២.៤៨ដុល្លារអាមេរិក)
ម៉ាឡាវី ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលតូចជាងគេបំផុត នៅទ្វីបអាហ្វ្រិក។ ម៉ាឡាវី ជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ ហើយមានទីតាំងស្ថិតនៅភាគខាងត្បូង ឆៀងខាងកើត ទ្វីបអាហ្វ្រិក។ អត្រាប្រជាជនមានប្រមាណ១៦លាននាក់។ បញ្ហាចំបងជាច្រើនត្រូវបានប្រឈមមុខ ដោយរដ្ឋាភិបាលម៉ាឡារី បន្ទាប់ពីលំហូរចូលនៃមូលនិធិ ទៅក្នុងប្រទេសនេះបានបញ្ឈប់ ក្រោយឆ្នាំ២០០០។ វិស័យចំបងដែលប្រទេសនេះពឹងផ្អែក គឺវិស័យកសិម្ម។ កន្លែងថែទាំសុខភាពមូលដ្ឋាន គឺពិតជាតម្រូវការសំខាន់សម្រាប់ប្រទេសនេះ ខណៈមនុស្សជាច្រើន មានផ្ទុកមេរោគអេដស៍។ ជំងឺនេះ បាននឹងកំពុងដើរតួជាបន្ទុកយ៉ាងធំ សម្រាប់រដ្ឋាភិបាលម៉ាឡាវី៕