(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៧នាក់ បានស្លាប់ដោយសារព្យុះព្រិលទឹកកក នៅក្នុងរដ្ឋ Missouri និងរដ្ឋ Kansas។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះព្រិលទឹកកកបានវាយប្រហារលើរដ្ឋ Kansas និងរដ្ឋ Missouri កាលពីថ្ងៃសុក្រ ហើយបានបន្តឆ្ពោះទៅកាន់រដ្ឋ Iowa, Illinois, Indiana និងរដ្ឋ Ohio កាលពីថ្ងៃសៅរ៍ ខណៈទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងទទួលព្យុះព្រិលទឹកកមានកម្រាស់ពី១៥ ទៅ២០សង់ទីម៉ែត្រ នៅថ្ងៃអាទិត្យនេះ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា ប្រជាជនអាមេរិកច្រើនជាង៦៥លាននាក់ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាព្យុះព្រិលទឹកកកអាចនឹង បង្កឱ្យមានអាកាសធាតុចុះត្រជាក់ខ្លាំង ក៏ដូចជាបង្កការរំខានដល់ការធ្វើដំណើរផងដែរ៕