(វ៉ាស៊ីនតោន)៖ អតីតអភិបាលក្រុង San Antonio នៃរដ្ឋ Texas លោក Julian Castro បានប្រកាសឈរឈ្មោះជាផ្លូវការក្នុងនាមជាបេក្ខភាព ប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាប្រធិបតេយ្យ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
លោក Castro មានអាយុ៤៤ឆ្នាំ ដែលជាចៅប្រុសជនភៀសខ្លួនម៉ិចស៊ីកូម្នាក់ និងជាអតីតរដ្ឋមន្ត្រីលំនៅដ្ឋាន និងអភិវឌ្ឍទីក្រុង ក្នុងសម័យ លោក បារ៉ាក់ អូបាម៉ា បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកជាផ្លូវការ កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ដើម្បីចូលរួម ប្រកួតប្រជែងជាមួយបេក្ខភាពដទៃ ព្រមទាំងលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយគ្នានោះដែរ ថ្លែងនាឱកាសបើកយុទ្ធនាការក្រោមពាក្យស្លោក «ប្រជាជាតិមួយ ជោគវាសនាតែមួយ» លោក Castro បានលើកឡើង ដូច្នេះថា៖«ខ្ញុំបានសម្រេចចិត្តចូលរួមប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក ពីព្រោះវាគឺជាពេលវេលាសម្រាប់មេដឹកនាំថ្មី និងជាពេល វេលាសម្រាប់ថាមពលថ្មី ហើយវាក៏ជាពេលវេលាសម្រាប់ការប្ដេជ្ញាចិត្តបង្កើតឱកាសនានាសម្រាប់ប្រជាជនអាមេរិកគ្រប់រូបផងដែរ»។
គួរបញ្ជាក់ថា ប្រកាសចូលរួមប្រកួតប្រជែងរបស់លោក Julian Castro ធ្វើឡើងចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុង កំពុងជាប់ផុងក្នុងបញ្ហាជាច្រើន ក្នុងនោះមានដូចជាវិបត្តិជនអន្តោប្រវេសន៍ និងការបិទរដ្ឋាភិបាលដោយសារតែគម្រោងសាងសង់ជញ្ជាំងព្រំដែន ជាប់ជាមួយម៉ិចស៊ីកូជាដើម។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ ក្រុមអ្នកជំនាញ និងអ្នកនយោបាយអាមេរិកមួយចំនួនធំនៅតែយល់ថាមិនទាន់មាន ភាពបេក្ខភាពប្រធានាធិបតីអាមេរិកណាមួយអាចសង្ឃឹមនឹងផ្ដួលលោកត្រាំ នៅអណត្តិឆ្នាំ២០២០បានឡើយ៕