(អ៊ីស្រាអែល)៖ ប្រធានសេនាធិការយោធាជិតចូលនិវត្តន៍ នៃកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) លោក Gadi Eisenkot បានទទួលស្គាល់ ថាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែករាប់ពាន់គ្រាប់ ក្នុងគោលបំណងបំផ្លាញទីតាំង និងមូលដ្ឋានយោធារបស់អ៊ីរ៉ង់នៅស៊ីរី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) កម្រនឹងទទួលស្គាល់ណាស់ចំពោះប្រតិបត្តិការយោធារបស់ខ្លួននៅប្រទេសស៊ីរី។ ប៉ុន្តែ ថ្លែងនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក New York Times នាពេលថ្មីៗនេះ លោក Eisenkot បានសារភាពថាយោធាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង២,០០០គ្រាប់ លើមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់នៅស៊ីរី កាលពីឆ្នាំ២០១៨។ លោក Eisenkot ដែល នឹងត្រូវចូលនិវត្តន៍នៅសប្ដាហ៍ក្រោយនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«យើងបានវាយប្រហារលើគោលដៅសត្រូវរាប់ពាន់នៅស៊ីរី...ហើយ តាមរយៈការវាយប្រហារនេះយើងកាន់តែមានភាពរឹងមាំក្នុងការពារខ្លួន ក៏ដូចជាមានភាពជាក់លាក់ដើម្បីធ្វើសកម្មភាពនានានៅក្នុងតំបន់»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ យោធាអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើមូលដ្ឋាន យោធារបស់អ៊ីរ៉ង់ និងក្រុមឧទ្ទាមលីបង់ហេសប៊ូលឡា ដែលបាននិងកំពុងជួយរដ្ឋាភិបាលទីក្រុងដាម៉ាស់ វាយយកទឹកដីស្ទើតែទាំងស្រុងមកវិញ ពីពួក ISIS និងក្រុមឧទ្ទាមស៊ីរី៕