(ប៉ារីស)៖ ក្រុមបាតុករអាវកាក់ពណ៌លឿងនៅក្នុងប្រទេសបារាំងរាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីជាលើកទី៩ជាប់ៗគ្នា អមទៅដោយអំពើហិង្សា និងការចាប់ខ្លួនមនុស្សរាប់រយនាក់។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។
យោងតាមប៉ូលិសបារាំង បាតុករអាវកាក់ពណ៌លឿងជាង៨៤,០០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាក្នុងសប្ដាហ៍ទី៩ កាលពីថ្ងៃសៅរ៍ នៅឯទីក្រុងប៉ារីស ម៉ាកសី (Marseille), ប៊័កដូ (Bordeaux), លីយ៉ុង (Lyon) និងទីក្រុងស្រ្តាសបួក (Strasbourg) ជាដើម ហើយចំនួននេះមានការកើនឡើងបើធៀបទៅនឹងសប្ដាហ៍មុន។ លើសពីនេះទៅទៀត ប៉ូលិសបារាំងបានបញ្ជាក់ដែរថាដើម្បីទប់ស្កាត់ភាពចលាចល ពួកគេបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ ព្រមទាំងចាប់ខ្លួនមនុស្ស២៤៤នាក់ ខណៈ២០១នាក់ទៀតនៅតែបន្តជាប់ឃុំនៅឡើយ នៅទូទាំង ប្រទេស។
គួរបញ្ជាក់ថា បាតុកម្មតវ៉ារបស់ក្រុមបាតុករបារាំងអាវកាក់ពណ៌លឿង បានឈានចូលចុងសប្ដាហ៍ទី៩ហើយកាលពីថ្ងៃសៅរ៍ បើទោះជារដ្ឋាភិបាលប្រធានាធិបតីបារាំង លោក ម៉ាក្រុង យល់ព្រមលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈតាមការទាមទារពីដំបូងរបស់ក្រុមបាតុករ ក៏ដោយ។ ប៉ុន្តែពួកគេនៅតែបន្ថែមការទាមទារជាច្រើន ក្នុងនោះរួមមានទាំងស្នើឱ្យលោក ម៉ាក្រុង ចុះចេញពីតំណែងផងដែរ៕