(ប៉េកាំង)៖ ខណៈយាន «Chang'e-4» បានសម្រេចការចុះចតជាលើកដំបូងមិនធ្លាប់មានពីមុនមក នៅផ្ទៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទដែលមនុស្សមិនដែលបានឃើញនោះ អ្នកជំនាញជើងចាស់ផ្នែកអវកាសម្នាក់របស់ចិនបាននិយាយថា ប្រទេសចិននឹងធ្វើឲ្យបេសកកម្មរុករកនៅលើឋានព្រះច័ន្ទ កាន់តែមានភាពស៊ីជម្រៅ ខ្លាំងជាងពេលណាៗទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
លោក Wu Weiren ដែលជាប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធីរុករកលើឋានព្រះច័ន្ទនៃប្រទេសចិន បានឲ្យដឹងថា កម្មវិធីបច្ចុប្បន្នរបស់ចិនរួមមាន ០៣ដំណាក់កាល គឺការទៅគោចរជុំវិញ ការទៅចុះចត និងការនាំយកគំរូស្លាកស្នាមវិលត្រឡប់។ សម្រាប់២ដំណាក់ដំបូង គឺត្រូវសម្រេចបានហើយនាពេលនេះ ហើយជំហានបន្ទាប់គឺ ការបញ្ជូនយាន «Chang'e-5» ឲ្យទៅប្រមូល និងនាំយកគំរូតាងទម្ងន់ ០២គីឡូក្រាមពីព្រះច័ន្ទមកកាន់ផែនដីវិញ។
ទន្ទឹមគ្នានេះនៅមានអាថ៌កំបាំងជាច្រើនផ្សេងទៀតអំពីព្រះច័ន្ទ ហើយបេសកកម្មជាបន្តបន្ទាប់នាថ្ងៃអនាគត នឹងកាន់តែគួរឲ្យរំភើបជាងនេះទៅទៀត។ ក្រៅពីនេះ កម្មវិធីរុករកលើឋានព្រះច័ន្ទ ក៏នឹងបន្តលើកស្ទួយមុខមាត់ចិន ក្នុងនាមជាប្រទេសមួយដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យរុករកនៅទីអវកាស។
បើតាម លោក Wu ទីភ្នាក់ងារអវកាសចិន CNSA កំពុងជជែកពិភាក្សា និងរៀបចំនូវផែនការ សម្រាប់ដំណាក់កាលទី ៤ នៃកម្មវិធីរុករកលើឋានព្រះច័ន្ទ ដោយរួមមានការចេញបេសកកម្ម ទៅកាន់ប៉ូលទាំងពីរនៃភពរណបផែនដីនេះទៀត។ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា កន្លែងខ្លះនៅប៉ូលខាងត្បូងនៃព្រះច័ន្ទ ទទួលបានពន្លឺព្រះអាទិត្យសម្រាប់រយៈពេលជាង ១៨០ថ្ងៃជាប់ៗគ្នា ហើយកន្លែងខ្លះទៀតវិញ ដែលហ៊ុមព័ន្ធជុំវិញដោយរណ្តៅអាចម៍ផ្កាយធំ គឺមិនដែលត្រូវពន្លឺព្រះអាទិត្យតែម្តង ហើយអាចមានផ្ទុកនូវទឹកដែលកក។
លោក Wu បានបង្ហាញពីចក្ខុវិស័យរបស់ទីភ្នាក់ងារអវកាសចិនថា ស្ថានីយស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តមួយ នឹងអាចលេចរូបរាងឡើងនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយវានឹងដំណើរការដោយស្វ័យប្រវត្តិ ហើយអាចឲ្យមនុស្សទៅទស្សនកិច្ចបានសម្រាប់រយៈពេលខ្លីៗ។
ប្រទេសចិន ក៏កំពុងតែគ្រោងបញ្ជូនយានអវកាសមួយគ្រឿង នៅឆ្នាំ២០២០ ដែលនឹងត្រូវទៅគោចរ ចុះចត និងរត់នៅលើភពអង្គារ (Mars) នៅឆ្នាំ២០២១ ផងដែរ។ សម្រាប់គោលដៅឆ្នាំ២០៣០វិញ ចិនមានមហិច្ឆតាបាញ់បង្ហោះគ្រាប់រ៉ុក្កែតទម្ងន់ធ្ងន់ ដែលមានសមត្ថភាពផ្ទុកប្រហែល ៤,០០០តោន និងអង្កត់ផ្ចិត ១០ម៉ែត្រ ដោយរ៉ុក្កែតនេះអាចជួយសម្រេចគោលដៅ នៃការនាំយកគំរូស្លាកស្នាមពីភពអង្គារមកកាន់ផែនដី ក៏ដូចជាការបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទ៕