(ប៉ារីស)៖ ព័ត៌មានបានចេញផ្សាយនៅមុននេះបន្តិចថា មានករណីផ្ទុះហ្គាសយ៉ាងកក្រើកមួយ នៅតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងប៉ារីស នៃប្រទេសបារាំងនាព្រឹកថ្ងៃសៅរ៍នេះតែម្តង (ម៉ោងនៅប៉ារីស) បានបណ្តាលឲ្យមនុស្សមួយចំនួនទទួលរងរងរបួសធ្ងន់ និងស្រាល ខណៈពុំទាន់មានការបញ្ជាក់ អំពីចំនួនជងរងគ្រោះច្បាស់លាស់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ BBC នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
បើតាមរូបភាពជាក់ស្តែងនោះ គឺក្រុមសង្គ្រោះ និងពន្លត់អគ្គីភ័យកំពុងតែសស្រាក់សស្រាំក្នុងការជួយសង្គ្រោះមនុស្ស និងពន្លត់ភ្លើងឆេះ ខណៈទ្រព្យសម្បត្តិសាធារណៈជាច្រើនដូចជាអគារ រថយន្ត និងអ្វីៗជាច្រើនទៀតបានរងការខូចខាតយ៉ាងដំណំ ដោយសារតែករណីផ្ទុះហ្គាសយ៉ាងកក្រើកនេះ។
បើតាមមន្ត្រីប៉ូលិសបារាំង ការផ្ទុះនេះទំនងជាបានកើតចេញពីហាងលក់នំប៉័ងមួយកន្លែង នៅតំបន់ Rue de Trévise នាវេលាម៉ោង ៩៖០០នាទីព្រឹក (ម៉ោងនៅប៉ារីស)។ ប៉ូលិសបានអំពាវនាវឲ្យប្រជាជនស្ថិតនៅឲ្យឆ្ងាយពីតំបន់នេះសិន ខណៈសកម្មភាពសង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍ជារួមកំពុងបន្ត។ ការផ្ទុះនេះត្រូវបានគេអះអាងថា ពុំមានជាប់ពាក់ព័ន្ធនឹងគំរោងធ្វើមហាបាតុកម្ម នៃក្រុមអាវកាក់ពណ៌លឿងនោះឡើយ៕