(ប៉េកាំង)៖ លលាដ៍ឆ្អឹងមនុស្សដែលអ្នកវិទ្យាសាស្រ្តរកឃើញ នៅភាគខាងជើងប្រទេសចិន ក្បែរព្រំដែនជាមួយម៉ុងហ្គោលី និងរុស្ស៊ីនោះត្រូវបានផ្ទៀងផ្ទាត់ដឹងច្បាស់ថា ពិតជាមានអាយុកាលដល់ទៅជាង ១០,០០០ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
តាមរយៈការសិក្សាដើម្បីផ្ទៀងផ្ទាត់អាយុកាល ទៅលើគំរូលលាដ៍ឆ្អឹងចំនួន ០៤ ដែលរកឃើញនៅសង្កាត់ ចឡៃនួរ (Jalainur) ក្នុងទីក្រុង ម៉ាន់ជូលី (Manzhouli) នៃតំបន់ស្វយ័តម៉ុងហ្គោលីបានរកឃើញថា គំរូដែលមានអាយុកាលចាស់បំផុតគឺប្រហែល១០,១១៣ឆ្នាំ ខណៈគំរូ ០៣ទៀតមានចំណាស់ចាប់ពី ៧,៤០០ឆ្នាំ ១,៦០០ឆ្នាំ និង១,០០០ឆ្នាំ។
គួរជម្រាបថា លទ្ធផលដែលត្រូវបានរកឃើញទាំងអស់នេះ គឺជាភស្តុតាងបញ្ជាក់ថា មនុស្សលោកយើងពិតជាបានមករស់នៅតំបន់ Jalainur នេះតាំងតែពីជាង ១០,០០០ឆ្នាំមុន ឬអាចមុននេះផងក៏ថាបានដែរ ហើយនេះជាលទ្ធផលធំមួយ ដែលនឹងជួយគាំទ្រដល់ការសិក្សាផ្នែកបុរាណវិទ្យា និងការជីកកកាយអាថ៌កំបាំងទឹកដីចិនពីបុរាណ ឲ្យកាន់តែប្រសើរជាងមុនទៀត៕