(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបគឺលោក ជែរី ម៉ូរ៉ាណ (Jerry Moran) និង រ៉ូប ផតមែន (Rob Portman) នាថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅបង្កើតប្រាក់មូលនិធិទំហំ ២៥ពាន់លានដុល្លារ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ខាងលើ ក៏នឹងរៀបចំជាប្រព័ន្ធនូវការការពារសម្រាប់ជនទាំងឡាយណា ដែលបានឆ្លងចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកកាលពីវ័យកុមារ ដោយខុសច្បាប់ជាមួយឪពុក-ម្តាយរបស់ពួកគេ និងកំពុងស្ថិតក្រោមការការពារនៃកម្មវិធី Deferred Action for Childhood Arrivals ហៅកាត់ថា DACA ផងដែរ។
លោក Moran បានបកស្រាយថា ធនធាននានានឹងត្រូវផ្តល់តាមសេចក្តីព្រាងច្បាប់នេះ ដើម្បីរឹតបន្តឹងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ព្រមទាំងការពារកុមារៗនៅក្រោមកម្មវិធី DACA។ រីឯលោក Portman បានចាត់ទុកសេចក្តីព្រាងច្បាប់នេះថា ជាដំណោះស្រាយសមហេតុសមផលមួយ និងស្មើភាព ដែលនឹងជួយដល់ការសម្រេចគោលដៅទាំងពីរនេះ។
កម្មវិធី DACA អនុញ្ញាតឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវឪពុក-ម្តាយនាំយកមកអាមេរិកដោយខុសច្បាប់ និងត្រូវស្គាល់ថា ជា «Dreamer» អាចស្នាក់នៅ និងធ្វើការក្នុងសហរដ្ឋអាមេរិក ព្រោះពួកទាំងនោះគ្មានកំហុសនោះឡើយ។ កន្លងមកនេះរដ្ឋបាល លោក ដូណាល់ ត្រាំ បានលុបកម្មវិធីនេះចោល ប៉ុន្តែតុលាការអាមេរិកដាក់កាត់ក្តីកាលពីខែសីហាឆ្នាំមុនថា ទង្វើនេះគឺខុសច្បាប់ ហើយកម្មវិធី DACA ត្រូវតែស្តារឲ្យដូចដើមឡើងវិញទាំងស្រុង។
គួរជម្រាបថា ភាពខ្វែងគំនិតគ្នារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមាជិកសភាបក្សប្រជាធិបតេយ្យ ជុំវិញការទម្លាក់មូលនិធិសម្រាប់ដំណើរការសាងសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូនោះ បានបង្កឲ្យរដ្ឋាភិបាលអាមេរិកធ្លាក់ក្នុងសភាបិទទ្វារតាំងពីចុងឆ្នាំមុនរហូតមកដល់ពេលនេះ ដែលមានរយៈពេល ២២ថ្ងៃហើយ និងជាក្លាយជាបិទរដ្ឋាភិបាលយូរបំផុតមិនធ្លាប់មាន៕