(វ៉ាស៊ីនតោន)៖ ទីបំផុតរដ្ឋាភិបាលសហព័ន្ធអាមេរិក បានបំបែកកំណត់ត្រាថ្មីជាស្ថាពរហើយ នៅក្នុងការបិទទ្វាររដ្ឋាភិបាលរហូតដល់ទៅ ២២ថ្ងៃ ដែលជាពេលយូរជាងកំណត់ត្រាចាស់ កាលពីឆ្នាំ១៩៩៥-១៩៩៦ នោះទៅទៀត ខណៈបញ្ហាជាច្រើនបាននិងកំពុងលេចឡើង ដោយសារតែបុគ្គលិករាប់សែននាក់របស់រដ្ឋត្រូវផ្អាកការងារ និងខ្លះបង្ខំចិត្តធ្វើការទាំងមិនមានប្រាក់ចំណូល ដោយសារតែកាតព្វកិច្ចចាំបាច់ពេក។ នេះបើតាមការសារព័ត៌មាន RT ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
ការបិទរដ្ឋាភិបាលមិនមែនជារឿងប្លែកឡើយ សម្រាប់ប្រព័ន្ធដឹកនាំសហរដ្ឋអាមេរិក ប៉ុន្តែការបិទរយៈពេលយូរ និងពិបាករកច្រកចេញនោះ ទើបជារឿងធំដែលគ្រប់គ្នាចាប់អារម្មណ៍ ព្រោះថាស្ថានភាពពេលនេះ គឺជាការជល់គ្នារវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ នៃបក្សសាធារណរដ្ឋ និងសមាជិកបក្សប្រជាធិបតេយ្យកំពុងគ្រប់គ្រងសភាជាន់ទាប ឬរដ្ឋសភា ដែលនៅតែជំនះមិនព្រមបន្ធូរដៃឲ្យគ្នានោះឡើយ ជុំវិញផែនការកសាងជញ្ជាំងព្រំដែនដែលលោក ត្រាំ ត្រូវការលុយរដ្ឋជាង ៥ពាន់លានដុល្លារដើម្បីកសាង តែសភាអាមេរិកមិនព្រមអនុម័តផ្តល់ឲ្យនៅឡើយ។
គួរបញ្ជាក់ថា ការបិទទ្វាររដ្ឋាភិបាលរបស់អាមេរិក ក៏បានបង្កជាការប៉ះពាក្យសម្តីរវាង លោក ដូណាល់ ត្រាំ និងក្រុមអ្នកនយោបាយ នៃគណបក្សប្រជាធិបតេយ្យផងដែរ នៅតាមកញ្ចក់ទូរទស្សន៍ធំៗនៅអាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈមតិមួយចំនួនបានលើកឡើង វាជាវេទិកាព្រលះបក្សប្រជាធិបតេយ្យ ដែលលោក ដូណាល់ ត្រាំ បានសំណូមពរឡើង។ សកម្មភាពនៃការតស៊ូមតិគ្នាដោយមិនព្រមបន្ទន់ឥរិយាបទនេះ បានធ្វើឲ្យអ្នកវិភាគមើលឃើញថា នឹងបង្កឲ្យបញ្ហាកាន់តែពិបាកដោះស្រាយ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺបុគ្គលិករដ្ឋរាប់សែននាក់ និងប្រជាជនកំពុងរង់ចាំសេវាសាធារណៈទាំងអស់ ដែលកំពុងជាប់គាំង៕