(ដាម៉ាស់)៖ ប្រទេសអ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមដែនអាកាស មកលើប្រទេសស៊ីរីដដែល ជាពិសេសគឺតំបន់ជុំវិញរដ្ឋធានីដាម៉ាស់ ប៉ុន្តែប្រព័ន្ធការពារមីស៊ីលរបស់ស៊ីរីដែលទទួលបានពីប្រទេសរុស្ស៊ីនោះ អាចទប់ស្កាត់ការវាយប្រហារនេះបានជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
ការវាយប្រហារខាងលើត្រូវបានធ្វើឡើង ដោយកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល ដែលបានបាញ់មីស៊ីលសំដៅមកបរិវេណ នៃទីក្រុងដាម៉ាស់ក្នុងប្រទេសស៊ីរី ប៉ុន្តែបើតាមការអះអាងរបស់យោធាស៊ីរី គ្រាប់មីស៊ីលអ៊ីស្រាអែលភាគច្រើនត្រូវប្រព័ន្ធការពារអាកាសស៊ីរីបាញ់កម្ទេចចោលបានទាន់ពេល។ ដោយឡែកឃ្លាំងស្តុកទំនិញមួយកន្លែង នៅព្រលានយន្តហោះទីក្រុងដាម៉ាស់ ក៏បានរងការខូចខាតផងដែរ ប៉ុន្តែពុំមានការរាំងស្ទះដល់ការធ្វើប្រតិបត្តិការនៃជើងហោះហើរនានា របស់អាកាសយានដ្ឋានអន្តរជាតិមួយនេះឡើយ។
គួរជម្រាបថា ប្រព័ន្ធមីស៊ីល S-300 ត្រូវបានប្រទេសរុស្ស៊ីបំពាក់ឲ្យយោធាស៊ីរីកាលពីខែកញ្ញា ឆ្នាំ២០១៨ ដើម្បីការពារសន្តិសុខដែនអាកាសរបស់ស៊ីរី ជាពិសេសពីការវាយប្រហារជាដដែលៗរបស់អ៊ីស្រាអែល ដែលទីក្រុងដាម៉ាស់បានអះអាងថា ធ្វើឡើងក្រោមគោលដៅអូសបន្លាយសង្រ្គាម នៅក្នុងប្រទេសស៊ីរីឲ្យកាន់តែយូរថែមទៀត៕